រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បារាំង និងសម្ព័ន្ធមិត្ត កំពុងរៀបចំការងារដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃចន្ទ ទី៩ ខែមីនានេះ បានឱ្យដឹងថា ប្រធានាធិបតីប្រទេសបារាំងលោក Emmanuel Macron បាននិយាយថា បារាំងនិងសម្ព័ន្ធមិត្តកំពុងត្រៀមរៀបចំបេសកកម្មការពារមួយ ដើម្បីបើកឡើងវិញនូវច្រកសមុទ្រ Hormuz ដ៏សំខាន់ ដែលបានរងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ា។

លោកប្រធានាធិបតីបារាំងនៅក្នុងទស្សនកិច្ចនៅប្រទេសស៊ីប ដោយលើកឡើងថា «វាជារឿងចាំបាច់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាសម្រាប់លំហូរប្រេងនិងឧស្ម័ន ដែលត្រូវតែអាចដឹកជញ្ជូនចាកចេញពីតំបន់មជ្ឈិមបូព៌ាឡើងវិញ។ លោកបន្តថា បេសកកម្មលក្ខណៈការពារនិងគាំទ្រមួយ នឹងត្រូវរៀបចំឡើងរួមគ្នាដោយក្រុមប្រទេសអឺរ៉ុប និងមិនមែនអឺរ៉ុប។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ សហភាពអឺរ៉ុប បាននិយាយថា ខ្លួនត្រៀមជាស្រេចក្នុងការពង្រឹងប្រតិបត្តិ ដើម្បីការពារចរាចរណ៍ដែនសមុទ្រនៅមជ្ឈិមបូព៌ា បន្ទាប់ពីសង្រ្គាមផ្ទុះឡើង ក្រោយអាមេរិកនិងអ៉ីស្រាអែល វាយប្រហារលើអ៉ីរ៉ង់។

សូមបញ្ជាក់ថា ចរាចរណ៍ផ្លូវទឹកនៅច្រកសមុទ្រ Hormuz ជាច្រកដ៏សំខាន់ដែលប្រេងឆៅរបស់ពិភពលោកប្រមាណ២០ភាគរយ ត្រូវដឹកជញ្ជូនឆ្លងកាត់ បានជាប់គាំងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ការបំពេញទស្សនកិច្ចរបស់លោក Macron មកកាន់ប្រទេសស៉ីប កើតមាន បន្ទាប់ពីប្រទេសដែនកោះសមុទ្រមេឌីទែរ៉ាណេមួយនេះ បានស្ថិតក្រោមការកំណត់គោលដៅវាយប្រហារ ដោយដ្រូនអ៉ីរ៉ង់កាលពីសប្តាហ៍មុន។

ដើម្បីឆ្លើយតប បារាំងបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង មកសមុទ្រមេឌីទែរ៉េណេ រួមជាមួយក្រុមនាវាចម្បាំង និងប្រព័ន្ធការពារដែនអាកាស មកកាន់ប្រទេសស៉ីប ហើយទីក្រុងប៉ារីសបានអះអាងថា គោលជំហររបស់ខ្លួនក្នុងតំបន់ គឺដើម្បីការការពារតែប៉ុណ្ណោះ៕ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…