ក្នុងកិច្ចសម្ភាសន៍ថ្មីៗនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តទទួលបន្ទុកក្នុងការកំណត់ថ្លៃអគ្គិសនី ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ច និងសង្គម ទោះបីជាមានវិបត្តិប្រេងឥន្ធនៈកើតឡើងនៅលើទីផ្សារពិភពលោក។
ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់ថា បញ្ហាកើតឡើងពីថ្លៃប្រេងឥន្ធនៈដែលមានការកើនឡើង ពីព្រោះប្រេងត្រូវបានប្រើប្រាស់ក្នុងការផលិតអគ្គិសនី និងការដឹកជញ្ជូនថ្មដើម្បីផលិតអគ្គិសនីប្រមាណ ៣០%។ ការកើនឡើងថ្លៃប្រេងនេះ ប៉ះពាល់ដល់ថ្លៃដើមនៃការផលិតអគ្គិសនី និងហិរញ្ញវត្ថុក្នុងវិស័យទាំងមូល។
ទោះបីជាវិបត្តិប្រឈមនេះកើតឡើង រាជរដ្ឋាភិបាលក្រោមការគាំទ្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល ផ្សព្វផ្សាយព័ត៌មាន និងធានាសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋ ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម។ ឯកឧត្តមបានសម្តែងការប្តេជ្ញាថា ថ្លៃអគ្គិសនីនៅកម្ពុជា នឹងមិនឡើងថ្លៃ ខណៈដែលភ្លើងមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងប្រទេស។
តាមការពិភាក្សា វិបត្តិប្រេងឥន្ធនៈកើតឡើងក្រោមបរិបទសង្គ្រាមរវាង អាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលធ្វើឱ្យមានការលំបាកក្នុងការចម្រាញ់ និងដឹកជញ្ជូនប្រេងសាំង និងម៉ាស៊ូត។ ប្រទេសជាច្រើននៅអាស៊ី និងពិភពលោកកំពុងរងផលប៉ះពាល់ រួមទាំងកម្ពុជាដែលតម្លៃប្រេងបានកើនឡើងផងដែរ។ ដោយ៖ KPS99TV









