គម្រោងសាងសង់ពង្រីកស្ពានបេតុងទួលខ្សាច់និងផ្លូវកែងច្រមុះជ្រូក (ចំការស្ពៃ) ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ កំពុងសាងសង់យ៉ាងមមាញឹក។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់នេះ នៅរសៀលថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦។
គម្រោងនេះទទួលបានការឧបត្ថម្ភពីឧកញ៉ា គុយ ណាត ដោយសាងសង់ពង្រីកស្ពានបន្ថែមដែលទទឹងសងខាង (ម្ខាង២ម៉ែត្រ និងម្ខាង៧ម៉ែត្រ) លើប្រវែងបណ្តោយ១០ម៉ែត្រ និងពង្រីកផ្លូវកែងច្រមុះជ្រូកបន្ថែម ៧ម៉ែត្រសងខាង ដើម្បីឆ្លើយតបការកកស្ទះចរាចរណ៍។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ បានគូសរំលេចថា គម្រោងសាងសង់ និងពង្រីកផ្លូវ-ស្ពាន់ក្នុងក្រុងព្រះសីហនុ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយការកកស្ទះ៕
ដោយ៖ ង៉ែត ពិសាន្ត
















