អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនានេះ បានរាយការណ៍ថា ជនជាតិចិនចំនួន៥០០នាក់ទៀត ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។ ចំណែក កាលពីថ្ងៃទី១៤ ខែមីនា កម្ពុជាក៏បានបណ្តេញជនជាតិចិនចេញពីប្រទេសចំនួន ៣៣៥នាក់ដែរ។
នៅលើទំព័រហ្វេសសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ចំណាត់ការនេះ គឺអនុវត្តតាមអនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ហើយលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៥០០នាក់ (ស្រី១៣នាក់) ចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ជនជាតិចិនទាំង៥០០នាក់នេះ គឺពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់នៅកម្ពុជា ហើយបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសកងកេង (ខេត្តព្រះសីហនុ)។
ចំណែក កាលពីទី១៤ ខែមីនា នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក៏បានសហការជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា បណ្តេញជនជាតិចិនសរុប ៣៣៥នាក់ (ស្រី៤នាក់) ចេញពីប្រទេសកម្ពុជាដែរ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់។ ជនទាំងនោះ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។
ការបណ្ដេញជនជាតិបរទេសខាងលើនេះ គឺអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ចំពោះមេខ្លោងនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
ដោយ៖ ង៉ែត ពិសាន្ត
















