អាជ្ញាធរមីយ៉ាន់ម៉ាបានរាយការណ៍ថា បានឃាត់ខ្លួនជនបរទេស៨៦នាក់ពីបទចូលប្រទេសខុសច្បាប់ ក្នុងប្រតិបត្តិការរួមនៅក្រុងម្យ៉ាវ៉ាឌី រដ្ឋកាយីន កាលពីថ្ងៃទី១៤ ខែមីនា។ អ្នកទាំងនោះមកពីចិន ហ្វីលីពីន ថៃ ម៉ាឡេស៊ី និងវៀតណាម។ ប្រតិបត្តិការនេះធ្វើឡើងក្នុងបរិបទនៃការបង្ក្រាបល្បែងស៊ីសង និងការឆបោកតាមអនឡាញ។
នៅប្រហែលម៉ោង៤រសៀល អាជ្ញាធរបានត្រួតពិនិត្យ៣ទីតាំងនៅក្បែរភូមិ Maethawtalay។ ក្រុមទី១មាន៤៥នាក់ រួមមានបុរសចិន៤៣នាក់ បុរសហ្វីលីពីន១នាក់ និងស្ត្រីថៃ១នាក់។ ក្រុមទី២មាន២៧នាក់ រួមមានបុរសចិន២៦នាក់ និងស្ត្រីចិន១នាក់។ ក្រុមទី៣មាន១៤នាក់ រួមមានបុរសចិន១០នាក់ និងជនជាតិផ្សេងទៀត៤នាក់។
សរុបមានបុរសចិន៧៩នាក់ និងស្ត្រីចិន១នាក់ ស្ត្រីថៃ២នាក់ បុរសហ្វីលីពីន១នាក់ និងស្ត្រីហ្វីលីពីន១នាក់ បុរសម៉ាឡេស៊ី១នាក់ និងស្ត្រីវៀតណាម១នាក់។ អាជ្ញាធរថា អ្នកដែលត្រូវបានឃាត់ខ្លួនកំពុងស្ថិតនៅម្យ៉ាវ៉ាឌី ខណៈកត់ត្រាព័ត៌មានអត្តសញ្ញាណ។











