ខេត្តព្រះសីហនុក្រៅពីតំបន់សក្កានុពលទាក់ទាញ តំបន់ឆ្នេរ កោះ ធនធានបាតសមុទ្រគឺខេត្តនៅមានសក្តានុពលជាច្រើនទៀតជាពិសេសនៅតំបន់រាមព្រែកទឹកសាបក្រុងកំពង់សោម ដែលមានទេសភាពព្រៃកោងកាង សត្វស្លាប មានជីវៈចម្រុះនិងសកម្មភាពនេសាទរបស់ប្រជាសហគមន៍ ហើយមន្ទីរនិងត្រៀមរៀបចំធ្វើយ៉ាងណាជំរុញឲ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ឲ្យកាន់តែមានការទាក់ទាញ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានមានប្រសាសន៍លើកឡើងដូចនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងលើជំនាញ «បដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ( Hospitality , Food and Beverage Service Providing) » ដើម្បីលើកកម្ពស់គោលដៅទេសចរណ៍ ក៏ដូចជាផ្តល់ភាពពេញចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកសម្រាកកម្សាន្តនៅក្នុងខេត្តព្រះសីហនុឲ្យកាន់តែល្អប្រសើរ មន្ទីរទេសចរណ៍បានសហការជាមួយរមណីយដ្ឋាន ធម្មជាតិព្រែកទឹកសាប (Toeksab NatureTable )ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុបើកវគ្គបណ្តុះបណ្តាល មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ចែកជាពីក្រុម ដោយក្រុមទី២ ចាប់ពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមសរុបចំនួន៦១នាក់ ស្រី៤០នាក់ មេរៀនសំខាន់ៗរួមមាន ការងាររបស់ខ្ញុំជាអ្នកផ្ដល់សេវាកម្ម .ការទំនាក់ទំនងក្នុងវិស័យបដិសណ្ឋារកិច្ច .សេវាកម្មប្រណិត .ឧបករណ៍និងសម្ភារៈបរិក្ខារក្នុងភោជនីយដ្ឋាន .ចំណេះដឹងខាងផ្នែកបញ្ជីមុខម្ហូប .ចំណេះដឹងផ្នែកភេសជ្ជៈ .ជំនាញផ្ដល់សេវាកម្ម .លំដាប់លំដោយសេវាកម្មនៅភោជនីយដ្ឋាន .នីតិវិធីបើកនិងបិទក្នុងភោជនីយដ្ឋាន និង អនាម័យ សន្តិសុខ និងសុវត្ថិភាពក្នុងភោជនីយដ្ឋាន ។
លោកប្រធានមន្ទីរបន្ថែមថា ជាក់ស្ដែងនៅពេលនេះតំបន់រមណីយដ្ឋានព្រែកទឹកសាបទឹកសាបដោយមានការអភិវឌ្ឍពីវិស័យឯកជនបានធ្វើឲ្យមានភាពទាក់ទាញសកម្មភាពកំសាន្តមួយចំនួនហើយតំបន់នេះអាចនឹងក្លាយជាតំបន់អេកូទេសចរណ៍បង្កើតជាសហគមន៍ទេសចរណ៍ដែលមានសកម្មភាពកាន់តែទាក់ទាញហើយមន្ទីរទេសចរណ៍បន្តការគាំទ្រកម្មវិធីបណ្ដុះបណ្ដាល ជំរុញឲ្យមានទីផ្សារនិងផ្សព្វផ្សាយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាកាន់តែច្រើន។
លោកប្រធានមន្ទីរ បានអំពាវនាវសូមឱ្យមានការចូលរួមគាំទ្រគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន អាជ្ញាធរមូលដ្ឋាន សហគមន៍ ដើម្បីឲ្យតំបន់នេះក្លាយជាតំបន់មួយមានការពេញនិយមខ្លាំងសម្រាប់ខេត្តព្រះសីហនុ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា



























