ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត អភិបាលខេត្តកំពតបានរៀបចំសាងសង់ រូបសំណាកបាតដៃ សម្រាប់ភ្ញៀវទេសចរឡើងថតរូប និងសាងសង់ វិថីអាហារ ដែលមានរចនាបថខ្មែរ។ សមិទ្ធផលទាំងពីរនេះ គ្រោងនឹងសាងសង់បញ្ចប់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មកដល់។
បន្ទាប់ពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាការបង្កើតសមិទ្ធផលទេសចរណ៍ប្លែកៗថ្មីៗ បានធ្វើឱ្យចំនួនភ្ញៀវទេសចរមកកាន់ខេត្តកំពតកើនឡើងជាបន្តបន្ទាប់ ហើយបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់នៅក្នុងក្រុងកំពត ដើម្បីជំរុញឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅបានលឿន និងឱ្យសម្រេចរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។
តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ មានរចនាសម្ព័ន្ធជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាទេសភាពថ្ងៃលិច ជួរភ្នំបូកគោ និងដងព្រែកកំពង់បាយ ព្រមទាំងអាចថតរូបអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។
រូបសំណាកបាតដៃនេះ ត្រូវបានសាងសង់នៅក្នុងបរិវេណឆ្នេរខ្សាច់ព្រែកកំពង់បាយ មុខមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពីស្ពានចាស់ (ស្ពានឥន្ទធនូ) និងស្ពានថ្មថ្មី (ស្ពានកំពង់បាយ) ដែលមានកម្ពស់ប្រមាណ ១២ ម៉ែត្រ និងមានជណ្តើរឡើងចុះសងខាង ព្រមទាំងបង្កាន់ដៃសម្រាប់សុវត្ថិភាព។ មកទល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ ៦០ ភាគរយ ហើយ។
ដោយឡែក វិថីអាហារ ដែលកំពុងសាងសង់នៅកណ្តាលក្រុងកំពត លើសួនច្បារផ្សារក្រណាត់ ក៏សម្រេចការសាងសង់បានប្រមាណ ៩០ ភាគរយ ហើយ។ វិថីអាហារនេះត្រូវបានសាងសង់តាមរចនាបថខ្មែរសុទ្ធសាត ជាមួយនឹងការបំពាក់ប្រព័ន្ធលូដោះទឹក និងប្រព័ន្ធភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការលក់ដូរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា អាជីវករដែលចូលលក់ដូរនៅក្នុងវិថីអាហារនេះ ត្រូវស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញពីវប្បធម៌ និងអរិយធម៌ជាតិដល់ភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តក្នុងខេត្ត ក៏ដូចជាជួយបង្កើនភាពទាក់ទាញឱ្យភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរក្រុងកំពត ចុះត្រួតពិនិត្យសកម្មភាពលក់ដូររបស់អាជីវករជាប្រចាំ ពិសេសណែនាំឱ្យអ្នកលក់ទាំងអស់គោរពតាមការណែនាំរបស់អាជ្ញាធរខេត្ត និងថែរក្សាបរិស្ថានអនាម័យឱ្យបានស្អាតជានិច្ចផងដែរ៕ ដោយ៖ ប៉ៃ សុឃីម













