ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន បានបង្ហាញឆន្ទៈថា ប្រទេសចិននឹងប្រកៀកស្មាជាមួយមិត្តដែកថែបកម្ពុជាក្នុងការរួមគ្នាបោសសំអាតមហារីកនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ សុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមឯកអគ្គរដ្ឋទូតចិនបញ្ជាក់លើទំព័រហ្វេសប៊ុកនាយប់ថ្ងៃទី១៦ ខែមីនា។
ឯកអគ្គរដ្ឋទូតចិនបានវាយតម្លៃខ្ពស់ចំពោះវិធានការដ៏មានប្រសិទ្ធភាព និងសមិទ្ធផលវិជ្ជមានដែលភាគីកម្ពុជាសម្រេចបានក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រសួងសន្តិសុខសាធារណៈចិនតែងតែផ្តល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ ហើយការផ្តល់ជំនួយជាសម្ភារនគរបាលមួយចំនួនដល់ភាគីមិត្តកម្ពុជាលើកនេះ ត្រូវបានឯកឧត្តម វ៉ាង វិនពីន ចាត់ទុកថា ជាវិធានការជាក់ស្តែងមួយទៀតក្នុងការអនុវត្តតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋចិន ស៊ី ជិនពីង នៅប្រទេសកម្ពុជា និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រួមគ្នារវាងចិន-កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បើតាមឯកឧត្តម វ៉ាង វិនពីន ភាគីចិនមានឆន្ទៈសហការជាមួយភាគីមិត្តកម្ពុជា ដើម្បីរួមគ្នាបោសសំអាតមហារីកនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា សំដៅការពារសន្តិសុខ សុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរ និងបង្កបង្កើតនូវបរិយាកាសល្អប្រសើរសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងចិន និងកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពេលកន្លងទៅ ធ្លាប់បាននិយាយាថា ការបង្ក្រាប Scam Online នឹងធ្វើជាប់ជាប្រចាំធ្វើរហូត ដូច្នេះសម្តេចបានប្រាប់អ្នកចាំអ៊ុតមើលការបង្ក្រាប Scam Online នៅខែមេសា និងខែមិថុនា ឆ្នាំ២០២៦ថា មិនចាំបាច់អ៊ុតទេ ព្រោះរឿងនេះរាជរដ្ឋាអភិបាលកម្ពុជាប្តេជ្ញាមិនឱ្យកើតមានឡើងវិញទៀតឡើយ៕
ដោយ៖ ង៉ែត ពិសាន្ត








