ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកនេសាទកោះកុងមួយចំនួនផ្អាកចេញទូក ព្រោះសាំងឡើងថ្លៃ

KPS99TV

សេចក្តីសង្ខេប

អ្នកនេសាទនៅសង្កាត់ដងទង់ថា តម្លៃប្រេងខ្ពស់ និងតម្លៃទិញផលនេសាទទាប ធ្វើឱ្យចំណូលមិនគ្រប់ថ្លៃចំណាយ។

កោះកុង៖ ការឡើងថ្លៃប្រេងសាំងក្នុងរយៈពេលចុងក្រោយនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជានេសាទមួយចំនួននៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានអ្នកនេសាទខ្លះបង្ខំចិត្តផ្អាកមិនចេញទូកទៅសមុទ្រ ខណៈអ្នកខ្លះទៀតនៅតែបន្តការនេសាទ ដើម្បីរកប្រាក់ចំណូល។

បើតាមពលរដ្ឋខ្មែរឥស្លាម ដែលរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅពាក់កណ្ដាលខែមីនានេះថា កន្លងមកនៅពេលតម្លៃប្រេងសាំងប្រហែលជាង ៤,០០០ រៀលក្នុងមួយលីត្រ ការចេញទៅនេសាទនៅសមុទ្រអាចគ្រប់គ្រងចំណាយបាន។ ប៉ុន្តែបច្ចុប្បន្នដោយសារតម្លៃប្រេងសាំងបន្តកើនឡើងតាមស្ថានភាពទីផ្សារពិភពលោក បានធ្វើឱ្យការចេញទូកទៅនេសាទកាន់តែលំបាក។

ប្រភពដដែលបន្តថា ទោះបីជាឆ្នាំនេះទិន្នផលនេសាទមានកម្រិតគួរសមក៏ដោយ ក៏តម្លៃលក់ទៅឱ្យឈ្មួញកណ្តាលមិនសូវបានថ្លៃឡើយ ដោយពេលខ្លះថែមទាំងខាតថវិកាផងដែរ ព្រោះចំណាយលើប្រេងសាំងខ្ពស់។ ដោយសារហេតុនេះ លោកបានផ្អាកការចេញទៅនេសាទអស់រយៈពេលជាងកន្លះខែហើយ។

ជាមួយគ្នានេះអ្នករកក្តាមម្នាក់ទៀត រស់នៅសង្កាត់ដងទង់ បានលើកឡើងថា ការឡើងថ្លៃប្រេងសាំងបានធ្វើឱ្យប៉ះពាល់ដល់ចំណូលគ្រួសាររបស់គាត់យ៉ាងខ្លាំង។ ទិន្នផលក្តាមដែលរកបានលក់ទៅឱ្យឈ្មួញក្នុងតម្លៃទាប មិនអាចគ្រប់គ្រងចំណាយលើប្រេងសាំងបានឡើយ។

អ្នកស្រីបានស្នើសុំឱ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ពិចារណាជួយសម្រួលដល់តម្លៃប្រេងសាំងឱ្យសមរម្យ ដើម្បីជួយសម្រួលដល់ជីវភាពប្រជានេសាទ។ អ្នកស្រីបន្ថែមថា បើស្ថានភាពបន្តបែបនេះ ជីវភាពគ្រួសារអ្នកនេសាទតូចៗនឹងកាន់តែលំបាក ខណៈអ្នកដែលមានទូកធំ និងធនធានច្រើន អាចចេញទៅនេសាទនៅចម្ងាយ និងរកទិន្នផលបានច្រើនជាង។

ទាក់ទងនឹងបញ្ហានេះ លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានទទួលស្គាល់ថា ការឡើងថ្លៃប្រេងឥន្ធនៈពិតជាបានប៉ះពាល់ដល់សកម្មភាពនេសាទរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ទន្ទឹមនឹងនេះ តម្លៃផលនេសាទនៅលើទីផ្សារអាចមានការកើនឡើងបន្តិចបន្តួចទៅតាមស្ថានភាពជាក់ស្តែង។

បើតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខណ្ឌជលផលខេត្តកោះកុងកំពុងតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពផ្គត់ផ្គង់ និងតម្លៃប្រេងឥន្ធនៈ ដើម្បីធានាថាការលក់ប្រេងធ្វើឡើងត្រឹមត្រូវតាមតារាងតម្លៃដែលកំណត់ដោយក្រសួងរ៉ែ និងថាមពល និងក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានបន្តផ្សព្វផ្សាយដល់ប្រជានេសាទឱ្យប្រើប្រាស់ និងរក្សាទុកប្រេងសាំងក្នុងប៊ីដុង ឬកាន ដោយគោរពតាមស្តង់ដាសុវត្ថិភាព ដើម្បីបង្ការហានិភ័យអគ្គិភ័យដែលអាចបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ មន្ត្រីក៏បានបញ្ជាក់ថា ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេង ឬមានការដំឡើងតម្លៃមិនប្រក្រតី នឹងរាយការណ៍ជាបន្ទាន់ទៅអគ្គលេខាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចាត់វិធានការតាមកម្រិតថ្នាក់ជាតិ៕ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…