ថ្មីៗនេះមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន ទាក់ទងនឹងការចម្រាញ់មាសឬដេញទឹកមាស នៅទីវាល ក្រសួងបរិស្ថានបានចាត់ឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កោះហៅម្ចាស់អាជីវកម្មគ្រឿងអលង្ការទិញលក់មាស យីហោ នាគមាស សៀង ហ៊ល កាលពីថ្ងៃទី១៦ ខែមីនា ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ការដុតចម្រាញ់មាសនៅលើទីវាលបន្តទៅទៀត។
ការដុតចម្រាញ់មាសនៅទីចំហទោះនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួនក៏ដោយ ក្រសួងមើលឃើញថា ជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។ តំណាងម្ចាស់ក្រុមហ៊ុន បានធ្វើកិច្ចសន្យា និងទទួលយកវិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងការប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជាង ដែលអនុវត្តការងារនេះផ្ទាល់តែម្តង។
ដើម្បីបង្ការផលប៉ះពាល់សុខភាពសាធារណៈ និងបរិស្ថាន ក្រសួងបរិស្ថាន បានបន្តអំពាវនាវ ឱ្យម្ចាស់អាជីវកម្មគ្រឿងអលង្ការទាំងអស់បញ្ឈប់ការដុតចម្រាញ់មាសលើទីវាលតទៅទៀត និងឱ្យសាធារណជនចូលរួមក្នុងសកម្មភាពទប់ស្កាត់ការបំពុលខ្យល់សាធារណៈ កុំឱ្យដុតវាលស្មៅ សំណល់កសិកម្ម រានព្រៃ គល់ជញ្ជ្រាំង សំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅទីចំហ។
ក្រសួងបរិស្ថាន បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មណាឱ្យបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ឧស្សាហកម្មគ្រប់ប្រភេទនៅក្នុងឡចំហាយ ឡកំដៅ ឬឡឥដ្ឋ ដែលមិនមានបំពាក់ប្រព័ន្ធសម្អាត និងកាត់បន្ថយសារធាតុបំពុលខ្យល់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និង បញ្ឈប់រាល់ការដុតសំណល់គ្រប់ប្រភេទនៅក្នុង និងក្រៅបរិវេណរោងចក្រ សហគ្រាស សិប្បកម្ម និងទីសាធារណៈ ដែលជាហេតុបង្កឱ្យមានការកើនឡើងភាគល្អិតនិចល ការបំពុលខ្យល់សាធារណៈ៕
ដោយ៖ ង៉ែត ពិសាន្ត











