ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ត្រីជលផលកំពតថាទូកម៉ាស៊ូតប្រហែលពាក់កណ្ដាលចេញនេសាទ ខណៈប្រេងថ្លៃ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អ្នកនេសាទថាប្រើប្រេង៣ទៅ៤កានក្នុងមួយជើង ហើយមួយកានឡើងពីជាង៩ម៉ឺនដល់ជាង១០ម៉ឺនរៀល មកជាង១៦ម៉ឺនរៀល ប៉ះពាល់ចំណូល និងចំណេញអ្នកលក់បន្ត។

លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ន ទូករបស់ប្រជានេសាទនៅខេត្តកំពត ដែលប្រើម៉ាស៊ីនប្រេងម៉ាស៊ូត មានត្រឹមប្រមាណ ៥០% ប៉ុណ្ណោះ ដែលបានចេញទៅនេសាទ ខណៈទូកមួយចំនួនទៀតមិនបានចេញទៅនេសាទ ដោយសារតម្លៃប្រេងខ្ពស់ពេក ព្រោះបើចេញទៅ ក៏មិនសូវចំណេញ ឬអាចនឹងខាតដើមផងដែរ។

ប្រជានេសាទនៅខេត្តកំពត បានឱ្យដឹងថា ការចេញទៅនេសាទមួយជើង ត្រូវប្រើប្រាស់ប្រេងប្រមាណពី ៣ ទៅ ៤ កាន។ ដោយសារតម្លៃប្រេងឡើងខ្ពស់ ប្រាក់ចំណូលរបស់ពួកគាត់ត្រូវបានកាត់បន្ថយអស់ប្រមាណពាក់កណ្តាល ដោយនៅសល់ត្រឹមតែអាចទប់ទល់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ប្រសិនបើតម្លៃប្រេងនៅតែបន្តឡើងថ្លៃ ទូកនេសាទអាចនឹងឈប់ចេញទៅនេសាទទាំងស្រុង មិនត្រឹមតែប៉ះពាល់ដល់អ្នកនេសាទប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់ឈ្មួញកណ្តាល និងអាជីវករលក់គ្រឿងសមុទ្រផងដែរ ខណៈបច្ចុប្បន្នមានទូកនេសាទប្រមាណ ៥០% មិនបានចេញទៅនេសាទ។

ប្រជានេសាទបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន តម្លៃប្រេងក្នុងមួយកានមានតម្លៃជាង ១៦ម៉ឺនរៀល ខណៈមុននេះ តម្លៃស្ថិតនៅចន្លោះពីជាង ៩ម៉ឺនរៀល ដល់ជាង ១០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយកាន។ ការកើនឡើងនៃតម្លៃនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលរបស់ពួកគាត់។

ចំណែកអ្នកទិញគ្រឿងសមុទ្រយកទៅលក់បន្ត បានឱ្យដឹងថា មុននេះ នៅពេលតម្លៃប្រេងស្ថិតក្នុងកម្រិតធម្មតា គាត់អាចរកចំណេញបានខ្លះៗ ប៉ុន្តែពេលប្រេងឡើងថ្លៃ គាត់ត្រូវទិញ និងលក់ត្រឹមតែដើម្បីរក្សាម៉ូយប៉ុណ្ណោះ ព្រោះគាត់ទិញគ្រឿងសមុទ្រពីទូកក្នុងតម្លៃខ្ពស់ ប៉ុន្តេលក់ចេញក្នុងតម្លៃធម្មតា ព្រោះបើលក់ថ្លៃពេក ភ្ញៀវក៏មិនទិញដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…