មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបើកសិក្ខាសាលាពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើការរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុសម្រាប់អនុវត្ត៥ឆ្នាំ ពីឆ្នាំ២០២៦ដល់ឆ្នាំ២០៣០ ដើម្បីកែលម្អនិងបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗសម្រាប់ទាក់ទាញភ្ញៀវទេសចរបន្ថែម។ សិក្ខាសាលាបានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមីនា ក្រោមអធិបតីភាពឯកឧត្តម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងតំណាងសណ្ឋាគារ ខុនដូជាច្រើនរូបទៀត។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លើកឡើងថា ផែនការសកម្មភាពអនុវត្តរយៈពេល៥ឆ្នាំនេះ គឺមានតម្រូវការកែលម្អទីផ្សារទេសចរណ៍ជាច្រើនសម្រាប់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ដែលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ លោកបន្ថែមថា ខេត្តមានសក្តានុពលច្រើនណាស់ ប៉ុន្តែនៅមិនទាន់បានសិក្សា និងអភិវឌ្ឍន៍ដូចជាតំបន់ធម្មជាតិ ឆ្នេរសមុទ្រ និងតំបន់មួយចំនួនទៀត។ ទន្ទឹមនឹងនេះ ក៏ទាមទារឱ្យមន្ទីរ-អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនចូលរួមអភិវឌ្ឍន៍ផងដែរ ដូចជាមន្ទីរសាធារណការ និងមន្ទីរអភិវឌ្ឍន៍ជនបទជួយសាងសង់ផ្លូវ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ជួយគាំទ្រពាក់ព័ន្ធសេវាអ៊ីធើណេតជាដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្ត បានរំលេចថា ខេត្តព្រះសីហនុជាប៉ូលទេសចរណ៍ដ៏សំខាន់ ប៉ុន្តែខេត្តនៅតែខ្វះសមិទ្ធផលទេសចរណ៍ជាច្រើនដូចជា ភូមិទេសចរណ៍ សកម្មភាពវប្បធម៌ដែលពេញនិយមសម្រាប់ភ្ញៀវទេសចរអឺរ៉ុប។ ក្រៅពីនេះ ខេត្តនៅខ្វះផ្សាររាត្រី ផាប់ស្ទ្រីត និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ល្អៗបន្ថែមទៀត។ ដូច្នេះហើយ លោកប្រធានមន្ទីរសង្កត់ធ្ងន់ថា៖ «យើងកំពុងតែរុញការងារនេះ ព្រោះវាស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុរយៈពេល ៥ឆ្នាំ(២០២៦-២០៣០)»។
ចំណែក លោកអភិបាលរងខេត្តព្រះសីហនុ យល់ឃើញថា ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តព្រះសីហនុ ៥ឆ្នាំ(២០២៦-២០៣០)នេះ នឹងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ការពារបេតិកភណ្ឌវប្បធម៌ និងធនធម្មជាតិ ការបង្កើននិងបង្កើនឱកាសការងារ មុខរបរ ប្រាក់ចំណូល ថែមទាំងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្ត អះអាងថា ផែនការនេះ ពិតជាមានសារៈសំខាន់ ដើម្បីធ្វើជាគោលដៅសំខាន់ក្នុងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តព្រះសីហនុឱ្យកាន់តែរីកចម្រើន និងមានចីរភាព។
ដោយឡែក ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុ ៥ឆ្នាំ(២០២៦-២០៣០) មានសារៈសំខាន់ខ្លាំងណាស់ ដោយឯកឧត្តមពន្យល់ថា ផែនការនេះជាការកំណត់ចក្ខុវិស័យ ទិសដៅ និងអាទិភាពក្នុងការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត ដើម្បីធានាថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍នឹងកើតឡើងប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តម បានពន្យល់បន្ថែមថា ផែនការនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់កែលម្អ និងបំពេញបន្ថែមក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នាពេលអនាគត៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត































