ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្រះសីហនុគាំទ្រដំណើរស្វែងរកឱកាសវិនិយោគកម្ពុជា-ចិន

KPS99TVថតរូប:កែវ ដារ៉ាសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

កម្មវិធីថ្ងៃទី១៨ ខែមីនា បានលើកឡើងពីកម្មវិធីជំរុញវិនិយោគរហូតដល់ចុងឆ្នាំ២០២៧ និងគោលនយោបាយលើកលែងទិដ្ឋាការដែលគ្រោងអនុវត្តសម្រាប់ពលរដ្ឋចិន។

លោកអភិបាលរងខេត្តព្រះសីហនុ បានលើកឡើងថា ដោយផ្អែកលើសក្តានុពលដ៏ពិសេសរបស់ខេត្ត លោកមានជំនឿយ៉ាងមុតមាំថា ខេត្តព្រះសីហនុនឹងបន្តពង្រឹងតួនាទីរបស់ខ្លួន ជាមជ្ឈមណ្ឌលវិនិយោគ ពាណិជ្ជកម្ម ដឹកជញ្ជូន និងសេវាកម្មដ៏សំខាន់ ទាំងក្នុងប្រទេស និងក្នុងតំបន់។ កត្តាទាំងនេះនឹងជំរុញបង្កើតបរិយាកាសប្រកួតប្រជែងខ្ពស់ និងអំណោយផលសម្រាប់វិនិយោគិនលើគ្រប់វិស័យ។

លោក ឯម ភាព អភិបាលរងខេត្ត បានលើកឡើងដូចនេះ នៅក្នុងកម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគ កម្ពុជា-ចិន នៅខេត្តព្រះសីហនុ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” រហូតដល់បំណាច់ឆ្នាំ២០២៧ ដើម្បីបន្តលើកទឹកចិត្ត និងទាក់ទាញវិនិយោគិនបន្ថែមមកកាន់ខេត្ត។ កម្មវិធីនេះត្រូវបានរៀបចំឡើង នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ អាជូណា សូលីទ័រ។

ពិធីនេះមានការចូលរួមពីឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងវិស័យឯកជន ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកផងដែរ។

លោកអភិបាលរងខេត្តបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន រយៈពេល ៤ខែ ក្នុងឆ្នាំ២០២៦ ដោយអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ វាជាជំហានថ្មីមួយក្នុងគោលនយោបាយបើកចំហរជើងមេឃ ក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥-២០២៦»។

ការដាក់ចេញនូវគោលនយោបាយ និងវិធានការទាំងនេះ បង្ហាញយ៉ាងច្បាស់ពីឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរ ព្រមទាំងវិស័យសក្តានុពលផ្សេងៗទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា ក្នុងក្របខណ្ឌយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត វិស័យទេសចរណ៍ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ និងជាការនាំចេញនៅនឹងកន្លែង។ វិស័យនេះជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមមូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រ។

ក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនប្រមាណ ១.២លាននាក់ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបង្ហាញពីទំនុកចិត្តរបស់ភ្ញៀវចិនលើគោលដៅទេសចរណ៍កម្ពុជា។

ចំពោះកម្មវិធីដំណើរទេសចរណ៍ស្វែងរកឱកាសវិនិយោគ កម្ពុជា-ចិន នៅខេត្តព្រះសីហនុ នាពេលនេះ នឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់បង្កើតបណ្តាញ និងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការវិនិយោគរវាងវិនិយោគិនក្នុងប្រទេសកម្ពុជា និងប្រទេសចិន។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត និងសកម្មភាពឆបោកខុសច្បាប់។ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់សកម្មភាពទាំងនេះ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងការសហការជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងសាធារណរដ្ឋប្រជាមានិតចិនផងដែរ៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…