ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនស្រ្តីទើបសម្រាលកូនរួចនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាមួយនឹងការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា។
ជារៀងរាល់ឆ្នាំ កម្ពុជានិងប្រទេសនានាទូទាំងសកលលោកតែងប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិនិងសេរីភាពរបស់នារី។ ក្នុងឆ្នាំ២០២៦នេះ កម្ពុជា បានប្រារព្ធទិវាអន្តរជាតិនារី ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។
លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ លើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី បានឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីគ្រប់រូប។
លោកស្រីបានចាត់ទុកការអនុវត្តគោលនយោបាយសមភាពយេនឌ័រកន្លងមក បានបង្ហាញពីលទ្ធផលជាវិជ្ជមានយ៉ាងច្រើនចំពោះស្រ្តី និងក្មេងស្រីនៅកម្ពុជា និងដោយឡែកនៅខេត្តព្រះសីហនុ ខណៈរាជរដ្ឋាភិបាល បានកំណត់លើការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីនៅលើគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ប្រកបទៅដោយបរិយាបន្ន ក្នុងនោះស្រ្តីគឺជាស្នូល។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានកត់សម្គាល់ថា ការប្រារព្ធទិវានេះ មិនមែនត្រឹមតែអបអរនូវសមភាព និងសិទ្ធិស្រ្តីតែប៉ុណ្ណោះទេ ប៉ុន្តែដើម្បីរំលឹកនូវការដឹងគុណចំពោះ «វីរៈភាពស្រ្តីកម្ពុជា» ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ពន្យល់ថា នៅពេលប្រទេសជាតិជួបនូវគ្រោះអាសន្ន នោះកម្លាំងការពារជាតិមិនមែនមានតែបុរសនោះទេ។ ផ្ទុយទៅវិញ ក៏មានស្រ្តីដែលជាវីរៈនារីកងទ័ព វីរៈនារីនគរបាលការពារព្រំដែនឈរជើងយ៉ាងរឹងមាំនៅសមរភូមិកាន់អាវុធប្រយុទ្ធតតាំងជាមួយសត្រូវឈ្លានពានដើម្បីការពារបូរណៈភាពទឹកដី។
«កម្លាំងទន់ភ្លន់របស់ស្រ្តីអាចប្រែក្លាយជាកម្លាំងដែកថែប ការពារអធិបតេយ្យភាពជាតិ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វង្ស ផាណាត ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រៅតែពីការកាន់អាវុធ ស្រ្តីក៏ជាគ្រូពេទ្យជួរមុខជួយសង្គ្រោះយុទ្ធជន ជាសប្បុរសជនចូលរួមផ្តល់អំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនវីរៈកងទ័ព និងជនភៀសសឹកជាប្រចាំ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអះអាងថា គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ មន្ទីរកិច្ចការនារីខេត្ត ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់បរិយាបន្ន និងសមធម៌សង្គម ដើម្បីស្រ្តី និងកុមារឱ្យទទួលបាននូវកិច្ចការពារសិទ្ធិនិងផលប្រយោជន៍ និងចាត់ទុកស្រ្តីជាដៃគូយ៉ាងសំខាន់ដែលមិនអាចខ្វះបានទាំងក្នុងការអភិវឌ្ឍន៍គ្រួសារនិងសង្គមជាតិ ថែមទាំងជួយជំរុញការកសាងអភិវឌ្ឍន៍សមត្ថភាពស្រ្តីលើគ្រប់វិស័យ៕
អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ទាវ វិឆាត





























