ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងច្បាស់លាស់ចំពោះការពង្រីក និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និង ស្លូវ៉ាគី ដោយផ្តោតជាចម្បងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ បានអនុញ្ញាតឱ្យឯកឧត្តម Alexander Micovčin ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។
តាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្តេចតេជោបានស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងឯកអគ្គរដ្ឋទូតថ្មី ព្រមទាំងបង្ហាញក្តីសង្ឃឹមថា អាណត្តិបេសកកម្មរបស់ឯកឧត្តម នឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្តេចតេជោក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយចាត់ទុកថា ជាមូលដ្ឋានស្នូលនៃទំនាក់ទំនងទ្វេភាគី បន្ថែមពីលើវិស័យការទូត និងនយោបាយ។
ក្នុងនោះ សម្តេចតេជោក៏បានលើកឡើងពីឱកាសខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងស្លូវ៉ាគី នៅឆ្នាំក្រោយ ដោយរំពឹងថា នឹងមានការរៀបចំសកម្មភាពអបអរសាទរ ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូត Alexander Micovčin បានសម្តែងការដឹងគុណចំពោះការទទួលស្វាគមន៍ និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា–ស្លូវ៉ាគី ឱ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។
សម្តេចតេជោ ក៏បានកោតសរសើរចំពោះកិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលតែងតែគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ និងបន្តជំរុញភាពរួមគ្នានៅក្នុងក្របខ័ណ្ឌពហុភាគី។
នៅចុងបញ្ចប់ សម្តេចតេជោ Hun Sen បានជូនពរឯកអគ្គរដ្ឋទូតថ្មីឱ្យបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ និងរួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំនាពេលអនាគត។ ដោយ៖ KPS99TV













