ខេត្តស្វាយរៀង៖ សមត្ថកិច្ចខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៨នាក់ (ស្រី ១នាក់) ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។
យោងតាមសមត្ថកិច្ច ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។
ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីទទួលបានបទបញ្ជា និងព័ត៌មានពាក់ព័ន្ធបទល្មើសភ្លាម លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលបន្ទុកផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ចុះប្រតិបត្តិការបង្ក្រាបនៅផ្ទះសំណាក់ “វ៉ាំងភូ (HQ)” ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ (ស្រី ១នាក់) និងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ១៧គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ១គ្រឿង និងទូរស័ព្ទដៃ ៣គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ដោយ៖ ប៉ៃ សុឃីម

















