ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សហព័ន្ធស្រូវអង្ករ និងការិយាល័យសភាពាណិជ្ជកម្មកម្ពុជានៅនូវែលហ្សេឡង់ចុះ MOU

KPS99TV

សេចក្តីសង្ខេប

អនុស្សរណៈថ្ងៃទី២០ ខែមីនា មានគោលដៅជំរុញការនាំចេញអង្ករ ផ្លាស់ប្ដូរព័ត៌មានទីផ្សារ និងតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគ ដោយមានការគាំទ្រពី ARDB។

ក្រោមការសម្របសម្រួលនិងគាំទ្រយ៉ាងពេញទំហឹងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហព័ន្ធស្រូវអង្ករកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ នៅថ្ងៃទី២០ ខែមីនានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាប្រវត្តិសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មស្រូវអង្ករ និងការវិនិយោគរវាងកម្ពុជា និងប្រទេសនូវែលហ្សេឡង់។

ការចុះ MOU នាពេលនេះ មានគោលបំណងចម្បងក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសនូវែលហ្សេឡង់ ព្រមទាំងបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងការតភ្ជាប់ទំនាក់ទំនងរវាងពាណិជ្ជករនៃប្រទេសទាំងពីរ។

ពិធីចុះ MOU ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់។

ឯកឧត្តម កៅ ថាច បានណែនាំឱ្យភាគីទាំងពីរ ជាពិសេសការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ត្រូវខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការទាក់ទាញវិនិយោគិនឱ្យមកវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា, ត្រូវអនុវត្តតាមខ្លឹមសារនៃ MOU នេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដជូនដល់មាតុភូមិ និងលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិ និងត្រូវដើរតួនាទីយ៉ាងសកម្មជា "ស្ពានចម្លង" ដ៏រឹងមាំសម្រាប់អ្នកវិនិយោគ និងជាច្រកចេញដ៏សំខាន់សម្រាប់កសិផលខ្មែរទៅកាន់ទីផ្សារនូវែលហ្សេឡង់។

បើតាមឯកឧត្តម កៅ ថាច កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការលក់ និងការគាំទ្រការបញ្ជាទិញកសិផលខ្មែរនេះ មិនត្រឹមតែជាការពង្រីកទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុង ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្មែរឱ្យកាន់តែប្រសើរឡើង តាមរយៈការទទួលបានតម្លៃបន្ថែម និងទីផ្សារដែលមានស្ថិរភាព។

ឯកឧត្តម ចាត់ទុកសកម្មភាពនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកទីផ្សារថ្មីៗ និងការធានាថា រាល់កិច្ចវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ នឹងក្លាយជាកម្លាំងចលករក្នុងការជួយដល់បងប្អូនកសិករនៅមូលដ្ឋានផ្ទាល់៕

ដោយ៖ ង៉ែត ពិសាន្ត

 

មតិយោបល់

កំពុងផ្ទុកមតិយោបល់…