បើតាមការឲ្យដឹងពីលោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកែប ថា ក្នុងបរិបទនៃការបិទព្រំដែនដែលនៅតែបន្ត ការនាំចូលអំបិលពីបរទេសត្រូវបានផ្អាក ខណៈក្នុងរយៈពេលជិត ២ខែដើមឆ្នាំ២០២៦នេះ អំបិលខេត្តកែបប្រមូលបានជាង ២ពាន់តោន ហើយលក់ចេញបានចំនួន ១,២២២តោន។
ក្នុងនោះ តម្លៃអំបិលមានការកើនឡើង បើធៀបនឹងឆ្នាំ២០២៥ ដោយអំបិលលេខ១ មានតម្លៃចន្លោះ ២០,០០០រៀល-២៥,០០០រៀល លេខ២ ចន្លោះ ១៥,៥០០-១៩,៥០០រៀល និងលេខ៣ ចន្លោះ ១៣,៥០០-១៥,០០០រៀល ក្នុងមួយបាវ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ការផ្អាកនាំចូលអំបិលពីប្រទេសជិតខាង ដែលធ្លាប់ជាប្រភពផ្គត់ផ្គង់សំខាន់ បានធ្វើឱ្យទីផ្សារអំបិលក្នុងស្រុកមានការប្រែប្រួល។ ទន្ទឹមនឹងនេះ ការផលិតអំបិលក្នុងស្រុក ក៏ប្រឈមមុខនឹងបញ្ហាអាកាសធាតុ និងកត្តាបច្ចេកទេសផ្សេងៗ ដែលអាចប៉ះពាល់ដល់បរិមាណទិន្នផលសរុបផងដែរ។
ម្ចាស់ស្រែអំបិលមួយចំនួនបានឱ្យដឹងថា ការកើនឡើងនៃតម្លៃអំបិល គឺជាឱកាសល្អសម្រាប់ជំរុញឱ្យម្ចាស់ស្រែអំបិល ដែលធ្លាប់បោះបង់ ឬផ្អាកការផលិត អាចត្រឡប់មកចាប់ផ្តើមផលិតឡើងវិញ។ ស្ថានភាពនេះត្រូវបានមើលឃើញថា អាចជួយស្ដារឡើងវិញនូវផលិតកម្មអំបិលក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងរួមចំណែកធានាស្ថិរភាពទីផ្សារ ក្នុងរយៈពេលវែង។
សូមបញ្ជាក់ដែរថា បច្ចុប្បន្ន ខេត្តកែប មានទីតាំងផលិតអំបិលចំនួន ៤ទីតាំង លើផ្ទៃដីផលិតជាក់ស្តែង ២៩៤ហិកតា ខណៈទីតាំងផ្សេងទៀតមួយចំនួនត្រូវបានទុកចោល។
ដោយ៖ ប៉ៃ សុឃីម














