កិច្ចប្រជុំបន្ទាន់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលទ្ធភាពសម្រួលបន្ទុកចំណាយសោហ៊ុយធ្វើដំណើរជាលក្ខណៈបណ្តោះអាសន្នរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសកល។
កិច្ចប្រជុំនេះ បានប្រារព្ធឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) អញ្ជើញចូលរួម ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក និងសមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) វិស័យឯកជន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។ ដោយ៖ ប៉ៃ សុឃីម














