ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីវប្បធម៌ និងប្រតិភូសម្ដែងការរន្ធត់ពេលពិនិត្យការខូចខាតប្រាសាទព្រះវិហារ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ក្នុងការចុះពិនិត្យថ្ងៃទី២០ ខែមីនា រដ្ឋមន្ត្រីថាការខូចខាតជាក់ស្ដែងធ្ងន់ធ្ងរជាងរបាយការណ៍មុន ដែលកត់ត្រា១៤២កន្លែងពីខែកក្កដា និងបន្ថែម៤២០កន្លែងក្រោយជម្លោះខែធ្នូ ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រតិភូទាំងអស់ បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតលើបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ដែលជាសម្បត្តិរបស់មនុស្សជាតិ ពីសំណាក់យោធាថៃ បាញ់ប្រហារនាពេលកន្លងមកនេះ។

ភាពតក់ស្លុតនេះ បានកើតឡើង ខណៈដែលលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារផ្ទាល់ ដោយសារជម្លោះប្រដាប់អាវុធ កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ និងមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។

ចំពោះ «ការខូចខាត បាក់បែក ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះ មានទំហំរាប់រយដង លើសពីរបាយការណ៍ខូចខាត ដែលបានរៀបចំដោយអាជ្ញាធរជាតិព្រះវិហារ កន្លងទៅ ដែលបានកត់ត្រាការខូចខាតសរុបចំនួន ៥៦២ កន្លែង» នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកជំទាវរដ្ឋមន្ត្រី។

គ្រប់ប្រទេសទាំងអស់ មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌ ហើយសម្បត្តិបេតិកភណ្ឌ មិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ ទោះក្នុងកាលៈទេសៈណាក៏ដោយ ផ្អែកតាមអនុសញ្ញាឆ្នាំ ១៩៧២ ស្តីពីបេតិកភណ្ឌពិភពលោក និងអនុសញ្ញាឆ្នាំ ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ ក្នុងជម្លោះប្រដាប់អាវុធ។

សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ រងការខូចខាតចំនួន ១៤២ កន្លែង ក្នុងការវាយប្រហារដោយប្រដាប់អាវុធ កាលពីខែកក្កដា និងខូចខាតបន្ថែមចំនួន ៤២០ កន្លែងទៀត ក្រោយខែធ្នូ ឆ្នាំ ២០២៥ ដោយរាប់ចាប់ពីចំណុចពយតាឌី គោបុរៈទី ១ រហូតដល់គោបុរៈទី ៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌា នៅគោបុរៈទី ៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…