ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រាជរដ្ឋាភិបាលចេញសារាចរ កំណត់វិធានការសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ខណៈថ្លៃថាមពលសកលកើនឡើង

KPS99TV

សេចក្តីសង្ខេប

សារាចរតម្រូវឱ្យស្ថាប័នគ្រប់ថ្នាក់កាត់បន្ថយចំណាយប្រេងនិងបេសកកម្ម ពង្រឹងចរាចរណ៍ និងបង្កើនប្រសិទ្ធភាពអគ្គិសនីក្នុងអគារនិងភ្លើងសាធារណៈ។

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា  បានចេញសារាចរមួយ ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ក្នុងគោលបំណងឆ្លើយតបនឹងស្ថានភាពកើនឡើងនៃថ្លៃថាមពលសកល បណ្តាលមកពីវិបត្តិសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា។

តាមសារាចរនេះ ស្ថានការណ៍សង្គ្រាមដែលកំពុងបន្ត និងរីករាលដាល បានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅលើសកលលោក បណ្ដាលឱ្យថ្លៃប្រេងឥន្ធនៈកើនឡើងយ៉ាងគំហុក រួមទាំងនៅកម្ពុជា។ ជាមួយគ្នានេះ ថ្លៃដើមផលិតអគ្គិសនីក៏ត្រូវបានរំពឹងថានឹងកើនឡើងផងដែរ ដោយសារប្រេងឥន្ធនៈជាធាតុចូលសំខាន់ក្នុងការផលិតថាមពលអគ្គិសនី។

យ៉ាងណាមិញ ផ្អែកលើការវាយតម្លៃរបស់ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ បានបញ្ជាក់ថា សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថិរភាព សម្រាប់គាំទ្រប្រតិបត្តិការសេដ្ឋកិច្ច និងសេវាសាធារណៈ។

ក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការសំខាន់ៗ សម្រាប់ក្រសួង ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល។

សម្រាប់វិធានការលើការប្រើប្រាស់ប្រេងឥន្ធនៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិនិត្យ និងកាត់បន្ថយចំណាយថវិកាដែលពាក់ព័ន្ធ ជាពិសេសលើប្រេងឥន្ធនៈ និងបេសកកម្ម ក្នុង និងក្រៅប្រទេស លើកលែងតែករណីចាំបាច់ពាក់ព័ន្ធនឹងអធិបតេយ្យជាតិ សន្តិសុខ និងសេវាសាធារណៈសំខាន់ៗ។ ខណៈក្រសួងមហាផ្ទៃ ត្រូវជំរុញអាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការគ្រប់គ្រងចរាចរណ៍ និងកាត់បន្ថយការកកស្ទះ ដើម្បីជួយសន្សំសំចៃប្រេងឥន្ធនៈ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏លើកទឹកចិត្តឱ្យក្រសួង ស្ថាប័ន កាត់បន្ថយការធ្វើដំណើរចម្ងាយសម្រាប់សិក្ខាសាលា និងកិច្ចប្រជុំ ដោយផ្លាស់ប្តូរទៅប្រើប្រព័ន្ធអនឡាញជំនួស តាមដែលអាចធ្វើទៅបាន។

ចំពោះវិធានការលើការប្រើប្រាស់អគ្គិសនី ក្រសួងរ៉ែ និងថាមពល ត្រូវរៀបចំសេចក្តីណែនាំលម្អិតអំពីការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងសហការជាមួយក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយដល់សាធារណជន។ ព្រមទាំង ក្រសួង ស្ថាប័នទាំងអស់ ត្រូវអនុវត្តវិធានការសន្សំសំចៃអគ្គិសនីក្នុងអគាររដ្ឋបាល និងការងារប្រចាំថ្ងៃ។

បន្ថែមពីនេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវសហការជាមួយអគ្គិសនីកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ ខណៈដែលគ្រប់ស្ថាប័នត្រូវបន្តបំផុសចលនាសន្សំសំចៃថាមពលជាសាធារណៈ។

សារាចរនេះ ក៏បានអំពាវនាវឱ្យក្រសួង ស្ថាប័នទាំងអស់ អនុវត្តវិធានការខាងលើយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…