ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី១១ នៅខេត្តព្រះសីហនុ នាពេលនេះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តទៅកាន់ពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី១១ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ដែលមានកីឡាករ កីឡាការនីជាតិ និងអន្តរជាតិ មកពីបណ្តារាជធានី-ខេត្ត រួមជាមួយយុវជន និងប្រជាពលរដ្ឋជាង ១ម៉ឺន៤ពាន់នាក់ ចូលរួម។
ព្រឹត្តិការណ៍នេះបង្ហាញឱ្យឃើញថា ខេត្តព្រះសីហនុ ជាខេត្តដែលមានសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អ។ ឯកឧត្តមសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងជួយផ្សព្វផ្សាយវិស័យទេសចរណ៍ខេត្តព្រះសីហនុទៅកាន់ពិភពលោក និងក្នុងប្រទេសកម្ពុជា ឱ្យបានស្គាល់កាន់តែច្បាស់ថា ខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធ និងសក្តានុពលសម្បូរបែប ក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម។ ខេត្តព្រះសីហនុ គឺជាតំបន់ឆ្នេរដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមថា “តារារះនាទិសនិរតី”។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ឆ្នាំនេះ តម្រាយផ្លូវរត់ត្រូវបានរៀបចំតាមតំបន់ឆ្នេរ។ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង គឺជាមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនដែលថ្នាក់ដឹកនាំខេត្តបានគិតគូរ រៀបចំ។ ជាពិសេស នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ រដ្ឋបាលខេត្តព្រះសីហនុ ក៏នឹងរៀបចំកម្មវិធីលេងល្បែងប្រជាប្រិយខ្មែរ ជាច្រើនទៀត ដើម្បីផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដោយមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យគណៈកម្មាធិការជាតិអូឡាំពិក សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំទិវារត់ប្រណាំងអន្តរជាតិជារៀងរាល់ឆ្នាំ ដោយមានគោលបំណងរត់ដើម្បីការពារបរិស្ថានតំបន់ឆ្នេរ ដែលជាសមាជិក “ក្លឹបឆ្នេរស្អាតបំផុតលើពិភពលោក” និងជាតារារះនាទិសនិរតី។
ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុមានលក្ខណៈពិសេស និងអំណោយផលសម្រាប់ការរៀបចំទិវារត់ប្រណាំង តាមតំបន់ឆ្នេរសមុទ្រស្រស់ស្អាត ដែលមានចម្ងាយផ្លូវរត់គួរឱ្យចាប់អារម្មណ៍ និងជាបំណងប្រាថ្នារបស់អ្នករត់ប្រណាំងពីទូទាំងពិភពលោក ចង់មកចូលរួម។ ព្រឹត្តិការណ៍នេះ ក៏ជួយលើកកម្ពស់ខេត្តព្រះសីហនុ លើវិស័យទេសចរណ៍ សេដ្ឋកិច្ចពហុបំណង និងការទាក់ទាញវិនិយោគផងដែរ។
ព្រឹត្តិការណ៍កីឡានេះ ក៏បាននាំមកនូវសុខសន្តិភាព ភាពសប្បាយរីករាយ និងស្ថេរភាពសង្គម។ លើសពីនេះ ទិវារត់ប្រណាំងនេះ ត្រូវបានរៀបចំជាសកម្មភាពសប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យ និងអង្គការកុមារផ្សេងៗដែលត្រូវការជំនួយ។
សម្រាប់ខេត្តព្រះសីហនុ ព្រឹត្តិការណ៍ឆ្នាំនេះត្រូវបានចាត់ទុកថាជាជោគជ័យធំមួយ ដោយមានការបំបែកកំណត់ត្រាចំនួនអ្នកចូលរួម ពីឆ្នាំមុនៗ ដែលមានត្រឹម ២ពាន់ ទៅ ៣ពាន់នាក់ ប៉ុណ្ណោះ ខណៈឆ្នាំនេះកើនឡើងដល់ជាង ១ម៉ឺននាក់។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ មានអ្នកចូលរួមជាង ១ម៉ឺន៤ពាន់នាក់ និងមានជនបរទេសមកពីជាង ៤០ប្រទេស ចូលរួមផងដែរ ក្នុងចម្ងាយផ្លូវ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា, ទាវ វិឆាត








































