ប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ត្រូវបានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិនិត្យ និងអនុម័តនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ។
ការអនុម័តប្លង់ដីនៅសង្កាត់ខាងលើ គឺធ្វើឡើងស្របតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុកាលពីអំឡុងឆ្នាំ២០១៨។ ចំណែក នៅក្រុងព្រះសីហនុ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២១ ក៏មានអនុម័តឱ្យប្រើប្រាស់ប្លង់គោលសម្រាប់ប្រើប្រាស់ដីក្រុងព្រះសីហនុ។ ដូច្នេះ ក្រុមការងារស្ម័គ្រចិត្តរៀបចំដែនដីបានសម្រេចលើកយកប្លង់នៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីពិនិត្យ និងអនុម័ត។
ដោយឡែក សង្កាត់អូរជ្រៅ ដំបូងឡើយជាទឹកដីរបស់ស្រុកព្រៃនប់ ប៉ុន្តែត្រូវបានរាជរដ្ឋាអភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យសម្រេចកាច់យកសង្កាត់អូរជ្រៅ និងសង្កាត់៤ផ្សេងទៀត ដើម្បីបង្កើតក្រុងកំពង់សោម។ ម្ល៉ោះហើយ ក្រុមការងារស្ម័គ្រចិត្តរៀបចំដែនដីក៏បានសម្រេចលើកយកប្លង់នៅសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ដើម្បីពិនិត្យ និងអនុម័ត។
កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត និងមានចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព ចៅសង្កាត់ និងមន្រ្តីអ្នកមុខអ្នកការផ្សេងទៀត បានសម្រេចអនុម័យលើប្លង់ប្រើប្រាស់ដីនៅសង្កាត់លេខ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោមតែម្តង៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា


























