ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេច ហ៊ុន សែន សុំបំភ្លឺរឿង «ប្ដីពីរ» លើអនឡាញ ថាពិតឬការសម្ដែង

KPS99TV

សេចក្តីសង្ខេប

ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានបង្ហោះនៅយប់ថ្ងៃទី២៣ ខែមីនា សុំឱ្យអ្នកពាក់ព័ន្ធបំភ្លឺថារឿង «ប្ដីពីរ» លើ TikTok ជាការពិត ឬជាការសម្ដែង។

បន្ទាប់ពីមានការចែករំលែកនៅលើបណ្តាញសង្គម TikToK ពាក់ព័ន្ធរឿងស្ត្រីម្នាក់យកប្តីពីរនាក់ក្នុងពេលតែមួយ ដែលនាំឱ្យសាធារណជនផ្ទុះការវែកញែកពេញបណ្តាញសង្គម។ ជុំវិញករណីនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អំពាវនាវឱ្យសាមីខ្លួនជួយបំភ្លឺ និងបានចោទសួរថា «តើរឿងនេះពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល?»។

នៅយប់ថ្ងៃទី២៣ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមដោយបង្ហាញអារម្មណ៍ដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ ដែលសម្តេចចង់និយាយគឺទាក់ទងជាមួយស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយនិងរស់នៅជាមួយគ្នា ជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា...ដោយរូបភាពទាំងអស់នេះ ត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។

សម្តេចបានចោទជាសំណួរថា «តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល?»។ សម្តេច សង្កត់ធ្ងន់ថា ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដ ហើយរស់នៅជាមួយគ្នា...នោះគាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបបប៉ុល ពត។

សម្តេចតេជោពន្យល់ថា ច្បាប់និងរដ្ឋធម្មនុញ្ញចែងថា ប្តីមួយប្រពន្ធមួយ ហើយសម្តេចបញ្ជាក់ភាពផ្ទុយគ្នាត្រង់ថា បុរសមានប្រពន្ធពីរឬលួចមានស្រី តែងតែខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផងនិងខ្លាចច្បាប់ផង។ សម្តេចអំពាវនាវឱ្យបងប្អូនឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…