ប៉ូលិសអន្តោប្រវេសន៍ បានស៊ើបអង្កេតរកឃើញមនុស្សចំនួន០៥នាក់បន្ថែមទៀត ក្នុងនោះមានជនជាតិប៉ាគីស្ថាន ៣នាក់ និងជនជាតិខ្មែរ ២នាក់ ពាក់ព័ន្ធការឆបោក និងធ្វើទិដ្ឋាការស្នាក់នៅក្លែងក្លាយ ដោយបានឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងតាមការអនុញ្ញាតពីឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ និងមានការសម្របសម្រួលនីតិវិធីរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈជនសង្ស័យជាជនជាតិបង់ក្លាដេសម្នាក់។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះផ្សាយនៅថ្ងៃទី២៣ ខែមីនា។
នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ០៥នាក់ ពាក់ព័ន្ធនឹងការឆបោក និងធ្វើទិដ្ឋាការស្នាក់នៅក្លែងក្លាយ។ ក្នុងនោះ ទី១. ឈ្មោះ KHAN NAEEM (STAVE KHAN) ភេទប្រុស ជនជាតិប៉ាគីស្ថាន, ទី២. ឈ្មោះ KHAN MEHDI HASSAN (DAWOOD IBRAHIM) ភេទប្រុស ជនជាតិប៉ាគីស្ថាន, ទី៣. ឈ្មោះ SHAHBAZ MUHAMMAD ភេទប្រុស ជនជាតិប៉ាគីស្ថាន, ទី៤. ឈ្មោះ អែម រតនៈ ហៅ ខេ ភេទប្រុស ជនជាតិខ្មែរ, និងទី៥. ឈ្មោះ ជឹម ចាន់កែ ហៅ ម៉េង ភេទប្រុស ជនជាតិខ្មែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ មានជនជាតិបង់ក្លាដេសម្នាក់, ប៉ាគីស្ថាន ៣នាក់ និងខ្មែរ ២នាក់ ត្រូវឃាត់ខ្លួននៅមណ្ឌលអប់រំកែប្រែទី១(ម១) រង់ចាំចំណាត់ការបន្ត៕
ដោយ៖ ង៉ែត ពិសាន្ត















