ឯកឧត្តមអភិបាលខេត្តកំពត បានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង សង្កាត់ ត្រូវឱ្យម្ចាស់ដីដែលចាក់ដីចូលព្រែក កាយចេញជាបន្ទាន់ ដោយទុកពេលរយៈពេល ១ សប្តាហ៍។ ប្រសិនបើម្ចាស់ដីខាងលើមិនអនុវត្តតាមការណែនាំនេះ អាជ្ញាធរខេត្តនឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយពុំមានការលើកលែងនោះឡើយ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មានប្រសាសន៍ដូចនេះ ក្នុងឱកាសចុះពិនិត្យដល់ទីតាំងផ្ទាល់ ដើម្បីចាត់វិធានការបន្ទាន់។ ក្រោយចុះពិនិត្យជាក់ស្តែង សង្កេតឃើញថា ពិតជាមានករណីចាក់ដីចូលព្រែកពិតប្រាកដ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត។
ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា រាល់បុគ្គលណាដែលមានបំណងមិនល្អ ចង់យកដីសាធារណៈរបស់រដ្ឋ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្ខពួក ដោយមិនគិតពីផលប្រយោជន៍រួមរបស់ប្រជាជន អាជ្ញាធរខេត្តនឹងចាត់វិធានការដោយមិនមានការលើកលែង ទោះបីសំណង់ ឬរបងដែលសាងសង់រំលោភលើដីរដ្ឋ ត្រូវបានសាងសង់មុនពេលឯកឧត្តមមកដឹកនាំខេត្តនេះក៏ដោយ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង ៩ ពិនិត្យឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ចំពោះការស្នើសុំសាងសង់សំណង់ ឬទីតាំងណាមួយរបស់ប្រជាពលរដ្ឋ ថាតើមានចូលលើដីសាធារណៈរបស់រដ្ឋដែរឬទេ។ ប្រសិនបើមាន ត្រូវជូនដំណឹងឱ្យពួកគាត់អនុវត្តតែការសាងសង់លើដីកម្មសិទ្ធរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់នៅពេលក្រោយ។
ក្នុងដំណើរចុះពិនិត្យនេះដែរ ឯកឧត្តមអភិបាលខេត្តកំពត បានណែនាំឱ្យអាជ្ញាធរក្រុងកំពត សិក្សាប្រព័ន្ធផ្លូវចូលទៅកាន់តំបន់កម្សាន្តក្នុងភូមិតាអង្គ ដើម្បីរៀបចំស្ថាបនាជាផ្លូវបេតុងអាមេជូន ដល់ប្រជាពលរដ្ឋក្នុងភូមិ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕ ដោយ៖ ប៉ៃ សុឃីម











