រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែមីនា បានអះអាងប្រាប់ប្រជាពលរដ្ឋរងគ្រោះដោយសារយោធាថៃព័ទ្ធដីធ្លីនៅតាមព្រំដែនកម្ពុជា-ថៃ និងសាធារណជនថា ការរៀបចំដី និងផ្ទះជូនពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក មិនមែនជាថ្នូរនៃការដោះដូរជាមួយដីរបស់បងប្អូនដែលបានបាត់បង់ដោយសារទាហានថៃហ៊ុំព័ទ្ធយកនោះទេ។
ផ្ទុយទៅវិញ បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា គឺជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់ នោះបងប្អូននឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋាន របស់ខ្លួនវិញ។
សេចក្តីប្រកាសព័ត៌មានដដែល បញ្ជាក់បន្ថែមថា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋរងគ្រោះដោយសារយោធាថៃហ៊ុំព័ទ្ធបន្លាលួស ដាក់ទូកុងតឺន័រយកដីធ្លី និងផ្ទះសម្បែងមានដូចជា ភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ចំពោះពលរដ្ឋដែលរងផលប៉ះពាល់ដោយសារយោធាថៃហ៊ុំព័ទ្ធផ្ទះសម្បែងមិនអាចចូលទៅរស់នៅក្នុងទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំដីធ្លីជាគម្រោងរបស់ សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុំព័ទ្ធ បានរស់នៅជាបណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៤០០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់។ បច្ចុប្បន្ន ក្រុមការងារបាននឹងកំពុងដំណើរការសាងសង់ផ្ទះបានមួយចំនួន និងផ្តល់ជូនសម្រាប់ជនភៀសសឹកចូលទៅរស់នៅជាបណ្តោះអាសន្ន។ ប៉ុន្តែ ក្នុងសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ចូលទៅរស់នៅជំហានដំបូង ធ្វើឡើងតាមរយៈការចាប់ឆ្នោត៕
ដោយ៖ ង៉ែត ពិសាន្ត









