ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ រដ្ឋបាលខេត្តនឹងចាប់ផ្តើមបើកដំណើរការវិថីអាហារក្រុងកំពត ដោយអនុញ្ញាតឱ្យអាជីវករចូលលក់ដូរជាផ្លូវការ នៅពេលឆាប់ៗខាងមុខ ស្របពេលដែលការសាងសង់ស្ទើរតែសម្រេចរួចរាល់ទាំងស្រុងហើយ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា វិថីអាហារខេត្តកំពត នឹងបង្កប់នូវវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរ លើសំណង់ និងសកម្មភាពលក់ដូររបស់អាជីវករនៅក្នុងវិថីនេះ ជាពិសេសការបង្ហាញអាហារ និងនំចំណីខ្មែររាប់រយមុខ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទទួលទាន និងស្គាល់ពីកេរ្តិ៍តំណែលសម្បត្តិវប្បធម៌ខ្មែរ ព្រមទាំងរសជាតិដែលកើតចេញពីស្នាដៃអ្នកកំពត។
ឯកឧត្តម ម៉ៅ ធនិន ថ្លែងដូចនេះ ក្នុងដំណើរចុះពិនិត្យវិថីអាហារក្រុងកំពត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ហើយដើម្បីត្រៀមលក្ខណៈឱ្យបានល្អិតល្អន់ មន្ទីរជំនាញពាក់ព័ន្ធត្រូវរៀបចំបញ្ជីមុខម្ហូប និងនំចំណី សម្រាប់ផ្តល់ជូនអាជីវករលក់ដូរនៅវិថីអាហារនេះ ដោយផ្តោតសំខាន់លើម្ហូបអាហារ និងនំចំណីប្រចាំតំបន់នីមួយៗរបស់ខេត្ត។ អាជីវករទាំងអស់ដែលចូលលក់ដូរ ក៏ត្រូវបានកំណត់ឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់បន្ថែមថា ការបង្កើតផ្សារវិថីអាហារ មិនត្រឹមតែជាកន្លែងកម្សាន្តថ្មីមួយក្នុងក្រុងកំពតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ និងការអភិរក្សម្ហូបអាហារ ទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ជាតិ ដោយមានការរៀបចំឱ្យមានរបៀបរៀបរយ សោភ័ណភាព និងធានាអនាម័យខ្ពស់។
ដោយឡែក លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា វិថីអាហារខេត្តកំពតនេះ មិនត្រឹមតែជាកន្លែងលក់ម្ហូបអាហារ និងនំចំណីប៉ុណ្ណោះទេ ប៉ុន្តែជាសមិទ្ធផលទេសចរណ៍ថ្មីមួយ ដែលបង្ហាញពីគុណតម្លៃសម្បត្តិវប្បធម៌ជាតិខ្មែរ តាមរយៈរចនាបថអគារ សម្លៀកបំពាក់ និងម្ហូបអាហារនៅក្នុងផ្សារនេះ។ អគាររចនាបថខ្មែរនៅចំកណ្តាល និងអគារបេតិកភណ្ឌរាប់រយខ្នងដែលបន្សល់ពីសម័យបារាំង នឹងធ្វើឱ្យក្រុងកំពតក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារដ៏ឆ្ងាញ់ពិសា មានបដិសណ្ឋារកិច្ចល្អ និងទាក់ទាញបំផុតមួយក្នុងពេលឆាប់ៗខាងមុខនេះ៕ ដោយ៖ ប៉ៃ សុឃីម














