ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុរៀបចំសន្និសីទវិនិយោគិនសម្រាប់មជ្ឈមណ្ឌលភស្តុភារកម្ម SHV-LC

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

សន្និសីទថ្ងៃទី២៣ ខែមីនា បង្ហាញឱកាសវិនិយោគលើគម្រោង SHV-LC ដែលគ្រោងអភិវឌ្ឍលើផ្ទៃដីដំណាក់កាលដំបូង៤៩ហិកតា តាមភាពជាដៃគូរដ្ឋ និងឯកជន។

សន្និសីទអ្នកវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ដ៏មានសារៈសំខាន់នេះ ត្រូវបានសហការរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីបង្ហាញនូវសក្ដានុពល និងភាពទាក់ទាញរបស់គម្រោង SHV-LC ដល់អ្នកវិនិយោគដែលមានសក្ដានុពលកម្រិតអន្តរជាតិ និងបង្កើតកិច្ចសហការយុទ្ធសាស្ត្រកម្រិតខ្ពស់ជាមួយអ្នកវិនិយោគជាតិ និងអន្តរជាតិ។

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ Novotel ខេត្តព្រះសីហនុ។

ជាលទ្ធផល តាមរយៈសន្និសីទនេះ តំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងបណ្ដាក្រុមហ៊ុនជាតិ និងអន្តរជាតិ សរុបប្រមាណ ១០០ រូប បានប្រមូលផ្តុំគ្នា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃការវិនិយោគ និងជាពិសេសទិសដៅនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រគម្រោងអភិវឌ្ឍន៍នេះ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) នេះ ជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងត្រូវបានអភិវឌ្ឍជំហានដំបូងលើផ្ទៃដីទំហំប្រមាណ ៤៩ ហិកតា ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។

គម្រោងនេះ នឹងចូលរួមជំរុញ និងបង្កើនប្រសិទ្ធភាពវិស័យភស្តុភារកម្មកម្ពុជា តាមរយៈការកាត់បន្ថយចំណាយ ផ្តល់សេវាកម្មតម្លៃបន្ថែម និងសម្រួលលំហូរទំនិញ ដើម្បីកាត់បន្ថយការកកស្ទះនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…