វិធានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលអគ្គិសនី ត្រូវបានក្រសួង-ស្ថាប័ននាំគ្នាដាក់ចេញជាបន្តបន្ទាប់ ដើម្បីចូលរួមកាត់បន្ថយការចំណាយលើការប្រើប្រាស់ប្រេង និងថាមពលអគ្គិសនី ក្នុងអំឡុងនៃវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដែលនាំឱ្យតម្លៃប្រេងនិងថាមពលឧស្ម័នមានការកើនឡើងយ៉ាងគំហុគ។
ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមីនា បានជូនដំណឹងឱ្យមន្រ្តីរបស់ខ្លួនចូលរួមប្រើប្រាស់ថាមពលអគ្គិសនីសន្សំសំចៃ ដោយត្រូវកាត់បន្ថយការប្រើប្រាស់នៅទីតាំងណាដែលមានពន្លឺគ្រប់គ្រាន់ពីខាងក្រៅ និងឱ្យពិនិត្យចរន្តអគ្គិសនីឡើងវិញមុនចាកចេញពីការិយាល័យធ្វើការ។
ចំណែក ក្រសួងមហាផ្ទៃ ក៏បានដាក់ចេញវិធានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលអគ្គិសនីដូចគ្នាដែរ។ ក្នុងវិធានការនោះ ក្រសួងអនុញ្ញាតឱ្យមន្រ្តីរាជការមួយចំនួនធ្វើការការពីផ្ទះ លើកលែងអង្គភាពចាំបាច់មួយចំនួនដូចជា៖ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានរដ្ឋបាល និងណែនាំឱ្យនគរបាលចរាចរណ៍ចុះសម្រួលចរាចរណ៍ក្នុងអំឡុងម៉ោងកកសន្ទះនៅតាមទីប្រជុំជន ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ។ ក្រៅពីនេះ ក្រសួងបានកំណត់ឱ្យប្រើម៉ាស៊ីនត្រជាក់ត្រឹមកម្រិត ២៥អង្សាសេ និងត្រូវបិទម៉ាស៊ីនត្រជាក់មុនពេលចេញពីធ្វើការ ហើយត្រូវបិទភ្លើង បិទម៉ាស៊ីនត្រជាក់ និងបរិក្ខាអគ្គិសនីទាំងអស់នៅក្នុងបន្ទប់ដែលមិនមានមនុស្ស។
រីឯ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងអគ្គិសនីកម្ពុជា ក៏បានដាក់ចេញវិធានការមិនខុសគ្នានឹងក្រសួងទាំង២ខាងលើនេះនោះដែរ។ ទោះបីជាយ៉ាងនេះក្តី សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានបង្កើតឱ្យមានវិបត្តិថាមពលលើសាកលលោកកាន់តែធ្ងន់ធ្ងរឡើង ខណៈកម្ពុជាក៏គេចមិនផុតដែរ។ កម្ពុជា ក្រៅតែពីតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់កប់ពពក តម្លៃដឹកជញ្ជូន តម្លៃហ្គាស ឬតម្លៃនៃប្រភពថាមពលដទៃទៀតក៏កំពុងក្លាយជាជាបញ្ហាចោទផងដែរ ប៉ុន្តែឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមុខអំពាវនាវកាលពីថ្ងៃទី២៣មីនាកុំឱ្យពលរដ្ឋភ័យស្លន់ស្លោពីការខ្វះប្រេងឥន្ធនៈ និងឧស្ម័ន LPG ឬហ្គាសសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃឱ្យសោះ។ ឯកឧត្តម ក៏អំពាវនាវឱ្យមានការសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ឧស្ម័ន LPG ឬហ្គាស រួមទាំងសន្សំសំចៃការប្រើភ្លើងអគ្គិសនីទៀតផង។
តែទោះបីជាយ៉ាងណា ពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញក៏មានការត្អូញត្អែរក្នុងការរកទិញហ្គាសដើម្បីយកមកប្រើប្រាស់ប្រចាំថ្ងៃដែរ ព្រោះនៅតាមការ៉ាសសាំងនីមួយៗគេមិនព្រមលក់ឱ្យ ក្រោមហេតុផលទុកសម្រាប់ចាក់ឱ្យមធ្យោបាយធ្វើដំណើរដូចជា៖ ម៉ូតូកង់បី PassApp តែប៉ុណ្ណោ៕
ដោយ៖ ង៉ែត ពិសាន្ត











