ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បង្កើនសមត្ថភាពតភ្ជាប់ និងជំរុញកំណើនសេដ្ឋកិច្ចតំបន់

KPS99TV

សេចក្តីសង្ខេប

ឯកអគ្គរដ្ឋទូត វ៉ាង វិនពីន អបអរសាទរការបើកស្ពាន ខណៈរបាយការណ៍បង្ហាញទំហំ ទុន និងអត្ថប្រយោជន៍តំបន់។

ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តាមរយៈការចែករំលែកលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ស្ពាននេះជាស្ពានវែងបំផុតដែលប្រទេសចិនបានសាងសង់នៅកម្ពុជា និងជាផ្លែផ្កានៃការអនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ»។ ជាមួយគ្នានេះ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងក្លាយជាចំណុចតភ្ជាប់សំខាន់រវាងផ្លូវជាតិលេខ៦ និងលេខ៧ ដោយមានតួនាទីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។

ស្ពាននេះមានទីតាំងភ្ជាប់ពីត្រើយខាងកើត ស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ទៅត្រើយខាងលិច ស្ថិតនៅភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដោយមានប្រវែងសរុប ១,៧៦១ ម៉ែត្រ និងទទឹង ១៣.៥ ម៉ែត្រ។ ស្ពាននេះត្រូវបានរចនាឡើងជាមួយគន្លងផ្លូវរថយន្ត ២ គន្លង គន្លងទោចក្រយាន ២ គន្លង និងផ្លូវថ្មើរជើង ២ គន្លង ព្រមទាំងមានសសរជើងស្ពានចំនួន ៣៦ ដើម និងផ្លូវនាវាចរណ៍ទំហំ ១០០ ម៉ែត្រ គុណ ១៥ ម៉ែត្រ។

គម្រោងសាងសង់ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានអនុវត្តក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន ប្រមាណជាង ១១៤ លានដុល្លារអាម៉េរិក ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) ជាអ្នកសាងសង់ និងក្រុមហ៊ុនក្វាងចូវវ៉ានអាន (WACC) ជាអ្នកត្រួតពិនិត្យបច្ចេកទេស។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនៅពេលបើកការដ្ឋាន និងជាប្រធានព្រឹទ្ធសភានៅពេលផ្សាយរបាយការណ៍នេះ។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មិនត្រឹមតែជួយពង្រឹងបណ្តាញដឹកជញ្ជូនក្នុងស្រុកឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញកំណើនវិស័យសំខាន់ៗ ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតំបន់ភាគឦសាន។

ជាពិសេស ស្ពាននេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រចាំថ្ងៃ កាត់បន្ថយពេលវេលា និងចំណាយក្នុងការឆ្លងសាឡាង ព្រមទាំងធានាសុវត្ថិភាពខ្ពស់ សម្រាប់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងសកម្មភាពសង្គមផ្សេងៗ ជាពិសេសនៅពេលយប់ ឬក្នុងស្ថានភាពអាសន្ន។

លើសពីនេះ ស្ពាននេះក៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការតភ្ជាប់តំបន់អាស៊ាន មហាអនុតំបន់មេគង្គ (GMS) និងអនុតំបន់មេគង្គ-ឡានឆាង ផងដែរ ដែលនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ចរបស់កម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ៕ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…