ខេត្តព្រះសីហនុ៖ "ការអប់រំកុមារតូច គឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់អនាគតនៃធនធានមនុស្សនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រទេសជាតិទាំងមូល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នេះ លោកជំទាវ គីម សុភ័ក្ដ្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សមត្តេយ្យសិក្សាសហគមន៍ ក្នុងស្រុកកំពង់សីលា។
កម្មពិធីបានរៀបចំឡើងក្នុងគោលបំណងបង្កើនការយកចិត្តទុកដាក់លើវិស័យអប់រំកម្រិតដំបូង និងដើម្បីស្វែងយល់ពីសុខទុក្ខរបស់គ្រូបង្រៀន ក៏ដូចជាកុមារតូចៗនៅតាមមូលដ្ឋានដាច់ស្រយាល។
ជាមួយគ្នានោះដែរលោកជំទាវប្រធានកិត្តិយស បានជួបសំណេះសំណាលជាមួយ សិស្សានុសិស្សមត្តេយ្យសិក្សាសហគមន៍ចំនួន ៦៤នាក់ លោកគ្រូ-អ្នកគ្រូចំនួន ០៣នាក់ និងមកពីសាលាមត្តេយ្យសិក្សាសហគមន៍ចំនួន ០៣ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា។
ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្រ និងបង្រៀន លោកជំទាវ ក៏បាននាំយកនូវអំណោយរួមមាន សម្ភារសិក្សា មានសៀវភៅ ប៊ិច ខ្មៅដៃ និងឧបករណ៍សិក្សាចាំបាច់ដទៃទៀត នំចំណី អាហារសម្រន់សម្រាប់កុមារ និងឧបត្ថម្ភថវិកាមួយចំនួន ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ផងដែរ។
លោកជំទាវបានផ្ដាំផ្ញើដល់អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវបន្តយកចិត្តទុកដាក់មើលថែទាំសុខភាព និងការសិក្សារបស់កុមារឱ្យបានល្អ ព្រោះពួកគេគឺជាទំពាំងស្នងឫស្សីដ៏មានសក្ដានុពលសម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕ ដោយ៖ ប៉ៃ សុឃីម













