នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងវិនិយោគ និងធុរកិច្ចចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុ រួមមាន គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ និងគម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១,០០០ កន្លែង។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុលើកទី ២៤ ដើម្បីពិនិត្យលើគម្រោងវិនិយោគទាំងនោះ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧ គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨.១៨ ប៊ីលានដុល្លារ និងអាចបង្កើតការងារជាង ៥៥,១២៤ កន្លែង ដែលក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំងចំនួន ២០៩ គម្រោង, គម្រោងថ្មីចំនួន ២១៧ គម្រោង, គម្រោងពង្រីកចំនួន ២៦ គម្រោង និងគម្រោងមានស្រាប់ចំនួន ១៥ គម្រោង។
ឯកឧត្តមបានបន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយនឹងការដាក់ចេញវិធានការបន្ថែម ៤ មុខទៀត រួមមាន៖ ១. ការជំរុញការវិនិយោគក្នុងស្រុក ២. ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ៣. ការជំរុញការប្រើប្រាស់ និងការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និង ៤. ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ។
លើសពីនេះ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាល ក្រុមការងារបាននិងកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីសិក្សា និងជំរុញការផលិតក្នុងស្រុក តាមរយៈការលើកកម្ពស់ផលិតផលសក្តានុពលក្នុងខេត្ត ដូចជា បង្គារក្រៀម ត្រីកាម៉ុង ត្រីក្រចកក្របី និងទឹកមាត់ត្រចៀកកាំ រួមជាមួយការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក នៅតាមរោងចក្រសហគ្រាស។
ឯកឧត្តមប្រធាន បានលើកទឹកចិត្តឱ្យសមាជិកក្រុមការងារ និងតំណាងក្រសួង-ស្ថាប័ន បន្តខិតខំពុះពារជាមួយគ្នា ក្នុងការលើកកម្ពស់ការវិនិយោគឱ្យប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម








