ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀងបានដាក់ឱ្យប្រើប្រាស់ជាមួយការសាងសង់ពង្រីកប្រព័ន្ធទឹកស្អាតក្នុងខេត្ត៥បន្ថែម!

KPS99TV

សេចក្តីសង្ខេប

ក្រុងស្វាយរៀងសម្ពោធរោងចក្រទឹកស្អាតជាជំនួយជប៉ុន និងបើកការដ្ឋានគម្រោងខេត្ត៥ ដែលគ្រោងសាងសង់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧ ប្រហែល១៨ខែ។

នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង ដែលមានទុនប្រមាណ៣០.៦លានដុល្លារអាមេរិក ក្រោមជំនួយឥតសំណងរបស់ជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។ ក្នុងឱកាសដូចគ្នា ក៏មានការបើកការដ្ឋានគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅខេត្តចំនួន៥ផងដែរ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្ដូងតាសី ក្រុងស្វាយរៀង ដែលដាក់ឱ្យប្រើនាពេលនេះ មានសមត្ថភាពផលិតទឹកស្អាត ៦,៨០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយបង្កើនសមត្ថភាពផលិតឱ្យរដ្ឋាករទឹកស្វាយរៀងដល់ ២២,៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង ១១០គីឡូម៉ែត្រ និងបង្កើនសេវាទឹកស្អាតជូន ៧,៣៧៨គ្រួសារបន្ថែម រួមទាំងពលរដ្ឋងាយរងគ្រោះ៣៧៥គ្រួសារផងដែរ។ រោងចក្រនេះបានចំណាយពេល ២៣ខែទើបសាងសង់រួចរាល់ជាស្ថាពរ ពោលចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធថ្មីទាំងនេះ នឹងអនុញ្ញាតិឲ្យរដ្ឋាករទឹកស្វាយរៀង មានលទ្ធភាពផ្តល់សេវាទឹកស្អាតពេញលេញសម្រាប់ពលរដ្ឋក្នុងក្រុងស្វាយរៀងទាំងមូល និងពង្រីកអត្រាគ្របដណ្តប់ក្នុងតំបន់សេវារបស់ខ្លួនពី៣២% ទៅ៥៨%។

តាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងពិធីនេះ រាជរដ្ឋាភិបាលគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិកលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្ត៥ រួមមានស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី។

គម្រោងនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតសម្រាប់ខេត្តទាំង៥ សរុបប្រមាណ១៣,៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយទឹកស្អាតប្រវែង៧៣៩គីឡូម៉ែត្រ និងផ្តល់តំណទឹកស្អាតថ្មីចំនួន២៨,៦៦០គ្រួសារ។ គម្រោងគ្រោងសាងសង់ចាប់ពីខែមីនា ឆ្នាំ២០២៦ ដល់ខែកញ្ញា ឆ្នាំ២០២៧ ដែលមានរយៈពេលប្រហែល១៨ខែ។

ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តគាំទ្ររបស់ប្រទេសជប៉ុន ចំពោះការអភិវឌ្ឍនៅកម្ពុជា ជាពិសេសក្នុងការពង្រីកបទពិសោធន៍ជោគជ័យ នៃការអភិវឌ្ឍវិស័យទឹកស្អាត ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម លើកឡើងថា រដ្ឋាភិបាលជប៉ុន នឹងបន្តពង្រីក «ភ្នំពេញអច្ឆរិយៈ» ទៅកាន់តំបន់ផ្សេងទៀត។ ការសាងសង់រួចរាល់នូវ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតស្វាយរៀង ជាមួយនឹងការធ្វើប្រតិបត្តិការដោយរដ្ឋាករទឹកស្វាយរៀង តំណាងឱ្យវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវការពង្រីកគំរូជោគជ័យរបស់រាជធានីភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងទទួលការគាំទ្រជាជំនួយបច្ចេកទេសហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទានជាបន្តបន្ទាប់ ដើម្បីរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានសមត្ថភាពផ្ដល់សេវាប្រកបដោយនិរន្តរភាព និងគុណភាព សម្រាប់ប្រជាជន និងតំបន់រោងចក្រ សហគ្រាស អាជីវកម្ម នៅតាមបណ្តារាជធានី-ខេត្ត។ ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសបានកើនឡើង ៨០% ពីប្រមាណ៣០៩លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៥៦ លានម៉ែត្រគូបក្នុងឆ្នាំ២០២៥។ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ តាមប្រព័ន្ធបណ្តាញ ក្រោមដែនសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម បានកើនឡើងទ្វេដងពី៧៨ម៉ឺនគ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ជាង១,៥៧ លានគ្រួសារក្នុងឆ្នាំ២០២៥។

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…