ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម អ៊ុន ចាន់ដា ជំរុញបំផុសស្មារតីឱ្យពលរដ្ឋរួមគ្នាថែរក្សា ការពារ និងអភិរក្សប្រាសាទបុរាណ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ថ្ងៃទី២៥ ខែមីនា ខេត្តកំពង់ចាមរៀបចំពិធីទិវាវប្បធម៌ជាតិ ដោយអភិបាលអំពាវនាវការពារប្រាសាទ វត្ថុបុរាណ និងសិប្បកម្មខ្មែរ។

ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៨ ឆ្នាំ ២០២៦ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងបំផុសស្មារតី និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរប្រាសាទបុរាណ ដែលជាកេរ្តិ៍មរតករបស់បុព្វបុរសដូនតាខ្មែរ ដែលបន្សល់ទុកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយ សូមរួមគ្នាអភិរក្ស និងការពារ ជាពិសេស រួមគ្នាចូលរួមលើកតម្កើងវប្បធម៌ ប្រពៃណីខ្មែរ ដែលជាដួងព្រលឹងជាតិ។

ពិធីនេះ មានការចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅសាលាខេត្តកំពង់ចាម កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បន្តយកចិត្តទុកដាក់ ត្រួតពិនិត្យ ទប់ស្កាត់ និងការពារប្រាសាទ ដីធ្លីរបស់ប្រាសាទ វត្ថុបុរាណ និងរូបចម្លាក់ក្នុងប្រាសាទ ឱ្យបានខ្ជាប់ខ្ជួន មិនឱ្យជនណាម្នាក់មករំលោភបំពានជាដាច់ខាត ដើម្បីធានាឱ្យការរក្សាកេរ្តិ៍ដូនតាឱ្យបានគង់វង្សយូរអង្វែង។

ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តជំរុញដល់មន្ទីរវប្បធម៌ ខិតខំប្រឹងប្រែងស្វែងរកវត្ថុបុរាណ ដើម្បីដាក់បញ្ចូលជាសម្បត្តិរបស់ជាតិឱ្យបានកាន់តែច្រើន យកមករក្សាទុកធ្វើជាសារមន្ទីរ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនា និងចងចាំពីគុណតម្លៃនៃវប្បធម៌ជាតិ។ ទន្ទឹមនេះ មន្ទីរវប្បធម៌ ក៏ត្រូវចុះលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់មុខរបរ ត្បាញក្រមាខ្មែរ ដែលជាអត្តសញ្ញាណរបស់ជាតិខ្មែរពីដូនតា ដើម្បីជួយគាំទ្រទិញផលិតផលក្នុងស្រុក លើកកម្ពស់ជីវភាពគ្រួសារអ្នកត្បាញក្រមា និងរក្សាទុកតម្លៃវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរតាំងពីបុរាណកាលមក៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…