នៅរសៀលថ្ងៃទី២៧ ខែមីនា លោក ប្រាក់ សុខុន បានដឹកនាំក្រុមការងារក្រសួងការបរទេសកម្ពុជា ទៅតំបន់ព្រំដែនថ្មដាដែលមានវិវាទ នៅខេត្តពោធិ៍សាត់ ដើម្បីបង្ហាញផែនទីព្រំដែនដល់អង្គទូតនិងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា និងពន្យល់អំពីការចូលតំបន់នេះជាថ្មីរបស់ទាហានថៃតាមការចោទប្រកាន់របស់កម្ពុជា។



តាមការរៀបរាប់របស់ភាគីកម្ពុជា ក្រោយទាហានថៃដាក់ទូកុងតឺន័ររាំងផ្លូវនៅភូមិសង្គមថ្មី ក្បែរផ្លូវបំបែកកាស៊ីណូថ្មី នៅថ្ងៃទី៧ ខែកុម្ភៈ ពួកគេបានដាក់បន្ថែម៣ទូនៅទីតាំងដដែល នាព្រឹកថ្ងៃទី២៦ ខែមីនា និងបន្ថែមលួសបន្លា ដើម្បីពង្រឹងការគ្រប់គ្រងទីតាំង។


ក្រសួងការបរទេសកម្ពុជាថា សកម្មភាពនេះត្រូវបានចាត់ទុកថាបំពានការព្រមព្រៀងបទឈប់បាញ់និងវិធានការបន្ថយភាពតានតឹង ដែលបានឯកភាពនៅកិច្ចប្រជុំពិសេស GBC លើកទី៣ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង ដោយថាសកម្មភាពនេះធ្វើឱ្យខូចដំណើរការបន្ថយភាពតានតឹង និងបញ្ជាក់ជំហរស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគី។






