ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តព្រះសីហនុជំរុញឱ្យពេទ្យទូទាំងខេត្តផ្តល់សេវាសុខាភិបាលជូនអ្នកប្រើប័ណ្ណប.ស.សនិងប័ណ្ណម.ស.សឱ្យបានលឿនរហ័ស

KPS99TVថតរូប:កែវ ដារ៉ា

សេចក្តីសង្ខេប

លោក ម៉ាង ស៊ីណេត បានសង្កត់ធ្ងន់ពីល្បឿនសេវា តម្លាភាព គណនេយ្យភាព និងក្រមសីលធម៌បុគ្គលិកសុខាភិបាល ក្នុងសន្និបាតថ្ងៃទី២៦ ខែមីនា។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យក្រុមគ្រូពេទ្យនៅទូទាំងខេត្តផ្តល់សេវាសុខាភិបាលជូនអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ប័ណ្ណ ម.ស.ស) ឱ្យបានលឿនរហ័សប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ការជំរុញដូចនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តព្រះសីហនុឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ កាលពីថ្ងៃទី២៦ ខែមីនា។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលឱ្យបង្កើនសកម្មភាពផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង ពិសេសពាក់ព័ន្ធនឹងសុខភាព អនាម័យ មូលនិធិសមធម៌ និងការវិវឌ្ឍថ្មីៗក្នុងវិស័យសុខាភិបាល ហើយត្រូវពង្រឹងសមត្ថភាពផ្តល់សេវានៅតាមមន្ទីពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដោយដាក់ពង្រាយបុគ្គលិកគ្រប់ចំនួនដែលមានក្រមសីលធម៌ល្អ។

បន្ថែមពីនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានណែនាំឱ្យកសាងភាពជាដៃគូដ៏រឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងឯកជន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងត្រូវធានាថា សេវាថែទាំសុខភាពដែលផ្តល់ដោយផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋ ត្រូវឈរលើនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដា គុណភាព និងក្រមសីលធម៌៕

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…