ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

យោធិនសិង្ហបុរីពីររូបមកចូលរួមក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅកម្ពុជា

KPS99TV

សេចក្តីសង្ខេប

នៅម៉ោង១៦ ថ្ងៃទី២៧ ខែមីនា Major Wong Zheng Ernest និង Warrant Officer Shasi Kumar បានមកដល់អាកាសយានដ្ឋានសៀមរាបអង្គរ ដើម្បីចូលរួម AOT ដែលដឹកនាំដោយហ្វីលីពីន។

យោងតាមសេចក្ដីប្រកាសរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ម៉ោង១៦:០០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសសិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (២) រូប (វរសេនីយ៍ត្រី WONG ZHENG, ERNEST និង Warrant Officer SHASI KUMAR) ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម។

កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ ក៏ដូចជាវិធានការនានា ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក និងតែងតែស្វាគមន៍ដល់បណ្តាប្រទេសជាមិត្តដែលមានបំណងក្នុងការចូលរួមជួយលើកិច្ចការនេះបន្ថែមទៀត។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕ អត្ថបទ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…