ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តព្រះសីហនុបើកវគ្គចិញ្ចឹមកូនបែបវិជ្ជមាន ដោយផ្តោតលើការអត់ធ្មត់និងជំនាញ

KPS99TVថតរូប:ទាវ វិឆាតសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

មន្ទីរកិច្ចការនារីបើកវគ្គថ្ងៃទី៣១ មីនាសម្រាប់មន្ត្រីមូលដ្ឋាន ដើម្បីជំរុញការចិញ្ចឹមកូនដោយគ្មានទណ្ឌកម្មធ្ងន់ធ្ងរនិងអំពើហិង្សា ព្រមទាំងពង្រឹងការស្វែងរកជំនួយនិងការគាំទ្រសហគមន៍។

មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ បានបើកវគ្គពង្រឹងសមត្ថភាព ស្តីពី «ការចិញ្ចឹមកូនបែបវិជ្ជមាន» នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត និងអភិបាលរងក្រុង ស្រុក ឃុំ សង្កាត់។ ពិធីនេះត្រូវបានរៀបចំនៅសាលប្រជុំរបស់មន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ។

លោកជំទាវ ប្រាក់ ច័ន្ទសុខា បានមានប្រសាសន៍ថា គោលបំណងនៃការបើកវគ្គពង្រឹងសមត្ថភាពនេះ គឺដើម្បីបង្កើនចំណេះដឹង និងលើកកម្ពស់ការយល់ដឹងអំពីការចិញ្ចឹមកូនបែបវិជ្ជមាន ព្រមទាំងជំរុញការផ្លាស់ប្តូរទម្លាប់ អាកប្បកិរិយា និងការប្រព្រឹត្តក្នុងសង្គម ឲ្យគាំទ្រដល់ការចិញ្ចឹមកូន ដោយបំបាត់ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរ និងអំពើហិង្សា។ ទន្ទឹមនឹងនេះ ក៏លើកកម្ពស់ឥរិយាបថក្នុងការស្វែងរកជំនួយ ការមានឆន្ទៈ និងចំណាប់អារម្មណ៍ចំពោះការគាំទ្របន្ថែមសម្រាប់ការចិញ្ចឹមកូនបែបវិជ្ជមានផងដែរ។

លោកជំទាវបានបន្ថែមថា ស្របតាមចក្ខុវិស័យដែលបានបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់អាទិភាពចម្បង ៥ រួមមាន មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិទ្យា។ ជាមួយគ្នានេះ ក៏ផ្តោតសំខាន់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។

លោកស្រី សៅ កាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាននេះ គឺជាផ្នែកសំខាន់មួយក្នុងការបម្លែងការប្តេជ្ញាចិត្តក្នុងយុទ្ធសាស្ត្រនារីរតនៈទី៦ របស់ក្រសួងកិច្ចការនារី ឲ្យក្លាយជាការអនុវត្តជាក់ស្តែង និងផ្តល់អត្ថប្រយោជន៍ពិតប្រាកដដល់សង្គម។

ជាក់ស្តែង ការចិញ្ចឹមកូនបែបវិជ្ជមាន មិនមែនជាកិច្ចការងាយស្រួលនោះទេ ប៉ុន្តែត្រូវការការអត់ធ្មត់ ភាពកក់ក្តៅ គោលដៅច្បាស់លាស់ និងជំនាញក្នុងការដោះស្រាយបញ្ហា។

សម្រាប់អាណាព្យាបាលគ្រប់រូប តែងតែចង់ឲ្យកូនៗរបស់ខ្លួនទទួលបានអ្វីដែលល្អបំផុត និងសង្ឃឹមថា ពួកគេនឹងធំធេងឡើងដោយមានសុខភាពល្អ មានសីលធម៌ និងសុជីវធម៌ មានចំណេះដឹង និងជំនាញ ព្រមទាំងមានអនាគតល្អ ដើម្បីបង្កើតគ្រួសាររបស់ខ្លួន និងបន្តរក្សាប្រពៃណី និងវប្បធម៌ល្អរបស់ជាតិ។

វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាមធ្យោបាយសំខាន់មួយក្នុងការផ្តល់បទពិសោធន៍បន្ថែមដល់សិក្ខាកាម ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅនៅតាមសហគមន៍របស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើងបន្ថែមទៀត៕

អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…