វិថីអាហារខេត្តកំពត នឹងសម្ពោធបើកជាផ្លូវការនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចូលមកដល់។ មន្ត្រីជំនាញបានបញ្ជាក់ថា ទីតាំងនៃវិថីអាហារខេត្តកំពត គឺជាបេះដូងនៃក្រុងកំពត ហើយក៏ជាកន្លែងដែលបង្ហាញពីវប្បធម៌ និងប្រពៃណីជាតិខ្មែរ អមដោយម្ហូបអាហារប្រមាណជាង ១០០ ប្រភេទ។
ចំពោះការរៀបចំវិថីអាហារដែលរំលេចដោយរចនាបទខ្មែរ ចំកណ្តាលក្រុងកំពត នាពេលនេះ ក៏នឹងធ្វើឱ្យកំណើនភ្ញៀវទេសចរកាន់តែកើនឡើង ហើយអាចជួយលើកកម្ពស់ជីវភាពអាជីវករ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តឱ្យកាន់តែមានភាពល្អប្រសើរ។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងកំពត រួមនឹងអាជីវករ ដែលត្រូវលក់ដូរនៅក្នុងវិថីអាហារ ដើម្បីធ្វើការចាប់ឆ្នោតយកតូបសម្រាប់លក់ដូរ។ ការចាប់ឆ្នោតនេះ បានធ្វើឡើងនៅសាលមហាជន សាលាខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចង្អុលការដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ឱ្យរៀបចំកែច្នៃតំបន់ដែលមានសក្តានុពលក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែមានភាពទាក់ទាញ ដើម្បីឱ្យប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍ពីតំបន់ទាំងនោះ។
ក្រុមអាជីវករ ដែលត្រូវលក់ដូរនៅក្នុងវិថីអាហារខេត្តកំពត បានសម្ដែងការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំវិថីអាហារថ្មីនេះ ដែលមានភាពរឹងមាំ ស្អាត មានអនាម័យ និងប្រកបដោយសោភណ្ឌភាពទាក់ទាញ។ ពិសេស ការរៀបចំឱ្យអាជីវករទាំងអស់ ស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ ដើម្បីបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា វិថីអាហារនេះ នឹងប្រមូលផ្តុំម្ហូបអាហារដែលជាស្នាដៃរបស់ប្រជាពលរដ្ឋខេត្តកំពត រហូតដល់ជាង ១៧០ ប្រភេទ ហើយមានតូបសរុបចំនួន ៥២ តូប។
បើតាមការរំពឹងទុក វិថីអាហារនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកពិសារអាហារឆ្ងាញ់ៗ ប្រចាំតំបន់ខេត្តកំពត និងធ្វើឱ្យកំណើនភ្ញៀវមានការកើនឡើងផងដែរ៕ ដោយ៖ ប៉ៃ សុឃីម





















