ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្នងការនគរបាលភ្នំពេញដាក់ផែនការសន្តិសុខ ចរាចរណ៍ និងអគ្គិភ័យសម្រាប់ឆ្នាំថ្មី

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

លោក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំថ្ងៃទី៣១ មីនា ដាក់ផែនការពិធីបុណ្យចូលឆ្នាំនិងនគរសង្ក្រាន្ត ដោយផ្តោតលើកម្លាំង១៤ខណ្ឌ ចរាចរណ៍ អគ្គិភ័យ និងការល្បាតការពារទ្រព្យសម្បត្តិ។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងដាក់បទបញ្ជាឲ្យ លោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងការយកចិត្តទុកដាក់ ដឹកនាំបញ្ជាកម្លាំង អនុវត្តសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឲ្យធានាបានសុខសុវត្ថិភាពជាដាច់ខាត។

ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ ព្រមទាំងផ្សព្វផ្សាយផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ក្នុងរាជធានីភ្នំពេញ។

ឯកឧត្តម ស្នងការ ក៏បានណែនាំឲ្យជំនាញព្រហ្មទណ្ឌ និងជំនាញសន្តិសុខ ទាំងការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌ ត្រូវពង្រឹង និងបង្កើនសមត្ថភាព ក្នុងការគ្រប់គ្រង តាមដាន និងក្តោបសភាពការណ៍ការងារសន្តិសុខឲ្យបានម៉ឺងម៉ាត់ ជាពិសេសរាល់មុខសញ្ញាបង្កចលាចលសង្គម និងមុខសញ្ញាចោរ លួច ឆក់ ប្លន់ ក្មេងទំនើង ដើម្បីដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។

ជំរុញពង្រឹងការត្រៀមកម្លាំងអន្តរាគមន៍ ប្រចាំការរង់ចាំទទួលបទបញ្ជា និងពង្រឹងការអនុវត្តរៀបចំផែនការសកម្មភាពការពារ តាមមូលដ្ឋាន និងគោលដៅនានា ដូចជា វត្តអារាម កន្លែងសប្បាយភាព និងរមណីយដ្ឋាន ហើយចាត់កម្លាំងចុះអនុវត្ត ដោយមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់។

ជំរុញឲ្យមានការយកចិត្តទុកដាក់ដោះស្រាយ និងសម្រួលចរាចរណ៍ ជាពិសេសលំហូរចេញ នៅពេលចរាចរណ៍មានភាពមមាញឹក តាមគោលដៅដែលមានបញ្ហាប្រឈមកកស្ទះ ដើម្បីពន្លឿនការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។

ត្រៀមរថយន្តបង្ការ ពន្លត់ និងសង្គ្រោះអគ្គិភ័យ ដើម្បីចេញអន្តរាគមន៍ ក្នុងករណីកើតមានអគ្គិភ័យជាយថាហេតុណាមួយ។

ជំរុញការផ្សព្វផ្សាយណែនាំ មិនអនុញ្ញាតឲ្យមានការលេងបាញ់ទឹក ប៉ាតម្សៅ ឬគប់ទឹក ដោយណែនាំឲ្យនាំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្នបញ្ហាអគ្គិភ័យ ព្រមទាំងណែនាំឲ្យចាក់សោបិទទ្វារផ្ទះឲ្យបានត្រឹមត្រូវ ដើម្បីការពារទ្រព្យសម្បត្តិ មុនពេលបងប្អូនចាកចេញពីផ្ទះ និងពង្រឹងកម្លាំងល្បាតត្រួតពិនិត្យក្នុងមូលដ្ឋានឲ្យបានជាប្រចាំ ដើម្បីការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឲ្យបានល្អផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…