ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរចាប់ពីថ្ងៃទី១ មេសា

KPS99TV

សេចក្តីសង្ខេប

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម ឱ្យដឹងថា ស្ពានបានបើកតាមគម្រោង ហើយរបាយការណ៍ក៏បញ្ជាក់លក្ខណៈស្ពាននិងផ្លូវតភ្ជាប់ជាង៣២គីឡូម៉ែត្រ។

ដូចការគ្រោងទុក ប្រជាពលរដ្ឋអាចធ្វើដំណើរបានហើយនៅលើស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ចាប់ពីថ្ងៃទី០១ ខែមេសានេះតទៅ។ ស្ពាននេះ ជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋរស់នៅត្រើយខាងលិចក្នុងការធ្វើដំណើរ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០១ ខែមេសា។

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រើយខាងកើតស្ថិតនៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិច ស្ថិតនៅភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។ ស្ពាននេះ មានមុខកាត់ទទឹងជាង ១៣ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន២គន្លងទៅ-មក ,គន្លងផ្លូវសម្រាប់ទោចក្រយានចំនួន២គន្លងទៅ-មក និងផ្លូវថ្មើរជើងចំនួន ២គន្លងទៅ-មក ប្រវែង១ម៉ែត្រ និងបង្កាន់ដៃស្ពានសងខាង។

ចំណែក ផ្លូវតភ្ជាប់ប្រវែងជាង ៣២គីឡូម៉ែត្រ រួមមាន៖ ផ្លូវតភ្ជាប់ពីក្បាលស្ពានមានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន៤ខ្សែ នៅក្នុងក្រុងក្រចេះ មានប្រវែងជាង ១៦គីឡូម៉ែត្រ។ ខ្សែផ្លូវទាំងនេះសាងសង់ពង្រីក និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ៧សង់ទីម៉ែត្រដូចគ្នា។ ក្នុងនោះកំណាត់ផ្លូវ៤ខ្សែ ប្រវែងជិត ២៧គីឡូម៉ែត្រ ស្ថាបនាពង្រីកទទឹងចាប់ពី ៩ម៉ែត្រ រហូតដល់ ១៣ម៉ែត្រ លើតួផ្លូវចាប់ពី ១១ម៉ែត្រ រហូតដល់ជិត ២០ម៉ែត្រ និងកំណាត់ផ្លូវ១ខ្សែ ប្រវែងជាង ៥គីឡូម៉ែត្រ ពង្រីកទទឹង ១៩ម៉ែត្រ លើតួផ្លូវ ៣០ម៉ែត្រ ដោយពុះទ្រូងផ្លូវនៅចំកណ្តាលធ្វើសួនរុក្ខជាតិបៃតងប្រវែង ៤ម៉ែត្រ។

បើតាមឯកឧត្តម ផន រឹម ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងក៏ជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជុំជនតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ នៃបណ្តាខេត្តដទៃទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…