រដ្ឋាភិបាលកម្ពុជា បានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ទាំង ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅនឹងកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៦ វឌ្ឍនភាពនៃការងារសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី ១ សម្រេចបានប្រមាណ ៦៤,៥៣% នៃផែនការគ្រោងទុក។ នេះបើយោងតាមកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី ១ ក្រោមការចូលរួមពីលោក ទី សាគុណ អគ្គនាយករងទទួលបន្ទុកបច្ចេកទេស ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation ខណៈដែលតាមផែនការសាងសង់ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់នាពេលកន្លងមកថា ការវិនិយោគអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយបង្កើតលុយ។ ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗ ពីគ្រប់តំបន់នៅលើពិភពលោក អាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹកនោះឡើយ៕ ដោយ៖ ប៉ៃ សុឃីម










