នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ សមាគមជប៉ុន-កម្ពុជា ដឹកនាំដោយ លោក Takahashi Fumiaki ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ជាពិសេសតាមរយៈយន្តការ “Business Co-Creation Team” ដែលកំពុងដើរតួនាទីសំខាន់ក្នុងការតភ្ជាប់ឱកាសធុរកិច្ច និងលើកកម្ពស់ការវិនិយោគរួមរវាងកម្ពុជា-ជប៉ុន។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងពង្រីកកំពង់ផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពី JICA ដោយរំពឹងថានឹងក្លាយជាគន្លងសេដ្ឋកិច្ចសំខាន់ក្នុងការកែលម្អសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅតំបន់។
ខាងភាគីជប៉ុនបានលើកឡើងពីជោគជ័យនៃគម្រោងវិនិយោគកសិដ្ឋានចិញ្ចឹមត្រីទីឡាប់ព្យា ដែលកំពុងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក រួមទាំងផ្សារទំនើប និងភោជនីយដ្ឋានធំៗ ហើយកំពុងពិនិត្យលទ្ធភាពពង្រីកផលិតកម្មសម្រាប់នាំចេញ។ ជាការឆ្លើយតប ភាគីកម្ពុជា បានលើកទឹកចិត្តឱ្យពង្រីកការវិនិយោគបន្ថែមទៅលើវិស័យចិញ្ចឹមបង្គា និងមច្ឆជាតិផ្សេងៗ ដែលមានសក្តានុពលខ្ពស់។
គួរឱ្យកត់សម្គាល់ថា ភាគីជប៉ុនក៏បានបញ្ជាក់ពីការបន្តវិនិយោគលើវិស័យស្វាយចន្ទី ដែលជាផលិតផលយុទ្ធសាស្ត្រសំខាន់របស់កម្ពុជា និងកំពុងមានតម្រូវការកើនឡើងជាបន្តបន្ទាប់នៅទីផ្សារជប៉ុន។
ដើម្បីបន្តទាក់ទាញវិនិយោគ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់អំពីផែនការរៀបចំបេសកកម្មជំរុញវិនិយោគទៅប្រទេសជប៉ុន និងការរៀបចំកម្មវិធី “Business Breakfast” ដើម្បីបង្កើតវេទិកាសន្ទនាផ្ទាល់ជាមួយវិនិយោគិន និងដោះស្រាយបញ្ហាប្រឈមនានា។
ជាការបញ្ចប់ ភាគីជប៉ុនបានបង្ហាញការជឿជាក់លើបរិយាកាសវិនិយោគនៅកម្ពុជា និងប្តេជ្ញាបន្តកៀរគរវិនិយោគិនជប៉ុនឱ្យមកវិនិយោគកាន់តែច្រើន ខណៈដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តធានាការគាំទ្រយ៉ាងពេញលេញ ដើម្បីប្រែក្លាយឱកាសវិនិយោគឱ្យទៅជាលទ្ធផលសេដ្ឋកិច្ចជាក់ស្តែងសម្រាប់ប្រទេសទាំងពីរ៕ ដោយ៖ KPS99TV











