ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ Seven Seas Mariner ១គ្រឿងបានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី ២ ខែមេសាឆ្នាំ ២០២៦ ដោយនាំភ្ញៀវទេសចរចំនួន ៦១៤នាក់ និងនាវិក ៤៦១នាក់។
បើយោងតាមមន្ត្រីរដ្ឋបាលខេត្តដែលទទួលស្វាគមន៍ភ្ញៀវទេសចរបានឲ្យដឹងថា នាវាទេសចរណ៍ដ៏ធំមួយនេះបានចូលចតរយៈពេល ២ ថ្ងៃ ទើបត្រឡប់ទៅវិញនេះគឺជាលើកទីមួយហើយដែលនាវាទេសចរណ៍បានចូលចតនិងស្នាក់នៅដើរលេងកម្សាន្តរយៈពេល២ថ្ងៃក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសនៅខេត្តព្រះសីហនុ។
ទាំងអស់នេះសបញ្ជាក់ឲ្យឃើញពីទំនុកចិត្តរបស់នាវាក៏ដូចជាភ្ញៀវទេសចរដែលទុកចិត្តអំពីសុវត្ថិភាពរបស់ពួកគេមកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក៏ដូចជាអាជ្ញាធរខេត្តដែលនឹងកំពុងខិតខំធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមកលេងខេត្តព្រះសីហនុ។
ជាមួយគ្នានេះមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងដែរថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២៦ នេះចំនួននាវាទេសចរណ៍ដែលចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុមានចំនួន ១១នាវានិងបាននាំភ្ញៀវទេសចរអន្តរជាតិចំនួនជាង ២ម៉ឺន នាក់មកទស្សនាអំពីការអភិវឌ្ឍនិងតំបន់ទេសចរណ៍នានាក្នុងខេត្តព្រះសីហនុផងដែរ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត
















