ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងបន្តមានអាកាសធាតុក្តៅខ្លាំងជាទូទៅ។
តាមការព្យាករ សីតុណ្ហភាពអតិបរមាអាចឡើងដល់ប្រមាណ ៣៦°C ដល់ ៤០°C នៅតំបន់ទាប ខណៈតំបន់ខ្ពង់រាប និងតំបន់ជាប់ភ្នំ អាចមានសីតុណ្ហភាពទាបជាងបន្តិច។ ក៏មានឱកាសកើតមានភ្លៀងកក់ខែខ្លះៗ ដោយសារបាតុភូតកម្តៅ និងខ្យល់បក់បោកខ្លាំងជាដំណាក់កាល។
ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះ និងភ្លៀងខ្លាំងខ្លះៗ ពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យ ដើម្បីរក្សាសុវត្ថិភាពទាំងអស់គ្នា។ ដោយ៖ KPS99TV







