ខេត្តស្វាយរៀង៖ កម្លាំងនគរបាលជាតិឃាត់ខ្លួនជនបរទេសចំនួន ១០៧ នាក់ ពាក់ព័ន្ធអនឡាញ នៅកាស៊ីណូ សៀងហៃ រីហ្សត។ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងសមត្ថកិច្ចប្រតិបត្តិការចម្រុះ ដឹកនាំដោយឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។
ប្រតិបត្តិការនេះ ធ្វើឡើងស្របតាមច្បាប់ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការចង្អុលបង្ហាញយ៉ាងគត់ម៉ត់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាអ្នកដឹកនាំការអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត។
ជាលទ្ធផល ប្រតិបត្តិការកម្លាំងចម្រុះបានរកឃើញជនបរទេសចំនួន ១០៧ នាក់ ក្នុងនោះមានស្រី ២៦ នាក់ មាន ៤ សញ្ជាតិ រួមមាន ជនជាតិចិន ៦៧ នាក់ (ស្រី ៧ នាក់) ឥណ្ឌូនេស៊ី ២១ នាក់ (ស្រី ៩ នាក់) មីយ៉ាន់ម៉ា ២ នាក់ (ស្រី) និងវៀតណាម ១៧ នាក់ (ស្រី ៨ នាក់)។
រួមជាមួយឧបករណ៍ និងសម្ភារៈ រួមមាន កំព្យូទ័រលើតុ ALL IN ONE ចំនួន ៨៩ គ្រឿង កំព្យូទ័រយួរដៃ ៥៧ គ្រឿង iPad ៧៣ គ្រឿង MONITOR ១ គ្រឿង ទូរស័ព្ទដៃចម្រុះម៉ាក ១,៤២១ គ្រឿង ម៉ាស៊ីន PRINTER ១ គ្រឿង និងទូដែក ៧។
នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ផ្អែកតាមសកម្មភាពត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែង សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ក្នុងចំណោមអ្នកពាក់ព័ន្ធ មានជនសង្ស័យ ៤ នាក់ បានប្រព្រឹត្តសកម្មភាពលបលួចធ្វើអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ តាមរយៈវេបសាយ BABY SLOT និង ២ នាក់ទៀត ជាប់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។
ជនសង្ស័យ ៤ នាក់ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ខណៈដែលជនសង្ស័យ ២ នាក់ទៀត ត្រូវបានប្រគល់ជាមួយវត្ថុតាងពាក់ព័ន្ធឱ្យកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM)។ ចំណែកជនបរទេសចំនួន ១០១ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធីតាមច្បាប់។ ដោយ៖ ប៉ៃ សុឃីម











