ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា បានបន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីក្រុមអ្នកជំនាញបានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល នៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
កូនផ្សោតថ្មីនេះ ត្រូវបានរកឃើញដោយក្រុមការងារស្រាវជ្រាវរួមមាន អគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF។ តាមការវាយតម្លៃដំបូង កូនផ្សោតមានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ និងកំពុងស្ថិតនៅក្នុងក្រុមផ្សោតពេញវ័យប្រមាណ៥ក្បាល ដោយមានការការពារពីផ្សោតធំដែលមានលេខសម្គាល់ ២១។ នេះក៏ជាកូនផ្សោតទី៥ ដែលត្រូវបានកត់ត្រា ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៦ផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការអភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ ជាការងារអាទិភាពមួយ ដោយមានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន សហគមន៍ និងប្រជាពលរដ្ឋ។ ក្រសួងក៏បានថ្លែងអំណរគុណដល់ឆ្មាំទន្លេ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមថែរក្សាសត្វផ្សោត ដែលជារតនសម្បត្តិជាតិមានតម្លៃខ្ពស់។
សត្វផ្សោតទន្លេមេគង្គ មិនត្រឹមតែមានតម្លៃផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទ្រព្យសម្បត្តិសំខាន់សម្រាប់វិស័យទេសចរណ៍ និងជាសញ្ញានៃកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
ក្នុងពេលខាងមុខ ក្រសួងនឹងបន្តពង្រឹងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ដើម្បីបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងធានានិរន្តរភាពនៃប្រជាជាតិផ្សោតនៅក្នុងទន្លេមេគង្គ ឱ្យបន្តកើនឡើងយ៉ាងចីរភាពសម្រាប់ជំនាន់ក្រោយ។ ដោយ៖ KPS99TV











