ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបដិសេធដាច់ខាតសកម្មភាពឯកតោភាគីរបស់ថៃ ដែលត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងខុសច្បាប់ក្នុងការកាន់កាប់ដី ប៉ះពាល់ដំណើរការកំណត់ព្រំដែនរួមរវាងប្រទេសទាំង២

KPS99TV

សេចក្តីសង្ខេប

ភាគីកម្ពុជារាយការណ៍ពីសកម្មភាពនៅជោគជ័យ អូរស្មាច់ និងអន្លង់វែង ដោយបដិសេធការទាមទារព្រំដែនឯកតោភាគី និងបញ្ជាក់ជំហរដោះស្រាយដោយសន្តិវិធី។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការ ចំពោះសកម្មភាពខុសច្បាប់របស់ភាគីថៃ ដែលបានអនុវត្តនៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា។ តាមរបាយការណ៍របស់ភាគីកម្ពុជា នៅចន្លោះថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងភាគីថៃ បានដឹកនាំពលរដ្ឋថៃមួយក្រុម ធ្វើសកម្មភាពផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី តាមបណ្តោយព្រំដែន ចន្លោះបង្គោលព្រំដែនលេខ៤៥ និងលេខ៤៧ នៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។ តាមជំហររបស់កម្ពុជា សកម្មភាពឯកតោភាគីនេះ គឺជាការប៉ុនប៉ងខុសច្បាប់ ក្នុងគោលបំណងបង្កើតស្ថានភាពកាន់កាប់ជាក់ស្តែង (fait accompli on the ground) និងសម្រេចទុកជាមុននូវលទ្ធផលនៃការងារកំណត់ខណ្ឌសីមាព្រំដែន ដែលកំពុងអនុវត្តដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រវាងប្រទេសទាំងពីរ។

ភាគីកម្ពុជាក៏រាយការណ៍ថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងទ័ពថៃប្រមាណ៧០នាក់ អមដោយរថពាសដែកចំនួន២គ្រឿង ត្រូវបានដាក់ពង្រាយនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបានបន្តដាក់ពង្រាយលួសបន្លាបន្ថែម។ នៅថ្ងៃដូចគ្នា កងកម្លាំងប្រដាប់អាវុធថៃ ក៏បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ ធ្វើសកម្មភាពឈូសឆាយដី នៅជិតបង្គោលព្រំដែនលេខ២ (បច្ចុប្បន្ន) ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យផងដែរ។

ភាគីកម្ពុជាបញ្ជាក់ថា សកម្មភាពទាំងនេះ មិនអាចចាត់ទុកថាជាសកម្មភាពការពារខ្លួនឡើយ ហើយក៏មិនអាចចាត់ទុកថាជាការអនុវត្តតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានដែរ។ ផ្ទុយទៅវិញ វាជាការរំលោភលើវិធានការកាត់បន្ថយភាពតានតឹង និងការប្តេជ្ញាចិត្តរបស់ភាគីថៃ ក្រោមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់ និងមិនទទួលយកនូវការកំណត់ខ្សែបន្ទាត់ព្រំដែន ឬការទាមទារដែនដីណាមួយដោយឯកតោភាគីឡើយ។

កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិវាទព្រំដែនជាមួយភាគីថៃ និងប្រទេសជិតខាងទាំងអស់ ស្របតាមច្បាប់អន្តរជាតិ។ ក្នុងន័យនេះ កម្ពុជា បន្តរក្សាជំហរថា ខ្សែព្រំដែនមិនអាចផ្លាស់ប្តូរដោយការប្រើកម្លាំងឡើយ។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…