ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ត្រីមាសទី១ ឆ្នាំ២០២៦៖ គុណភាពខ្យល់នៅកម្ពុជា ស្ថិតក្នុងកម្រិតល្អ តាមការតាមដានជាប្រចាំ

KPS99TV

សេចក្តីសង្ខេប

ទិន្នន័យពីទីតាំងតាមដាន៥៩កន្លែងបង្ហាញថា គុណភាពខ្យល់ត្រីមាសទី១ស្ថិតក្នុងកម្រិតល្អតាមស្តង់ដារដែលរបាយការណ៍ប្រើ ខណៈ PM2.5 មធ្យមកើនបន្តិចធៀបឆ្នាំមុន។

យោងតាមលទ្ធផលត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់តាមរយៈឧបករណ៍ និងស្ថានីយសរុបចំនួន ៥៩ទីតាំង នៅទូទាំងប្រទេស (រួមមាន ១២ទីតាំងនៅរាជធានីភ្នំពេញ និង ៤៧ទីតាំងនៅតាមបណ្ដាខេត្ត) បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គុណភាពខ្យល់នៅកម្ពុជា ស្ថិតក្នុងកម្រិតល្អ បើធៀបនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។

ទោះជាយ៉ាងណា ការប្រៀបធៀបទិន្នន័យរវាងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញថា កំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងបន្តិចបន្តួច ដោយស្ថិតនៅកម្រិតមធ្យម ២៤.២៨ µg/m³ ក្នុងឆ្នាំ២០២៦ ខណៈឆ្នាំ២០២៥ មានត្រឹម ២៣.០៩ µg/m³ ប៉ុណ្ណោះ។

ក្នុងអំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៦ ក្រុមការងារជំនាញក៏បានចុះត្រួតពិនិត្យ និងតាមដានគុណភាពខ្យល់បន្ថែម តាមរយៈរថយន្តចល័តចំនួន ៦លើក នៅខេត្តប៉ៃលិន ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដើម្បីធានាការវាស់វែងមានភាពត្រឹមត្រូវ និងគ្របដណ្តប់ទូលំទូលាយ។

ក្រសួងបរិស្ថានបានបន្តអនុវត្តការតាមដានគុណភាពខ្យល់ជាប្រចាំ និងបង្ហាញតម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ដោយមិនមានការលាក់បាំង។ ប្រជាពលរដ្ឋអាចតាមដានទិន្នន័យជាក់ស្តែងតាមរយៈគេហទំព័រ airquality.moe.gov.kh កម្មវិធីទូរស័ព្ទ CGS SPA និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានពង្រឹងវិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការអប់រំ និងជំរុញឱ្យប្រជាពលរដ្ឋបញ្ឈប់សកម្មភាពដុតសំណល់កសិកម្ម សំណល់រឹង សំរាម ប្លាស្ទិក និងការដុតព្រៃ ដែលជាមូលហេតុនាំឱ្យគុណភាពខ្យល់ធ្លាក់ចុះ។

បន្ថែមពីនេះ ក្រសួងក៏បានអនុវត្តយុទ្ធនាការសាធារណៈជាច្រើន ដូចជា «ថ្ងៃនេះខ្ញុំ មិនប្រើប្រាស់ថង់ប្លាស្ទិក», «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមរបស់សាធារណជនក្នុងការការពារបរិស្ថាន និងបង្កើនគុណភាពខ្យល់ឲ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះ ក៏មានការផ្សព្វផ្សាយអំពីការអនុវត្តសារាចរលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងវិធានការប្រឆាំងភ្លើងឆេះព្រៃផងដែរ។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…